ខេត្តស្ទឹងត្រែង៖ ផ្ទះប្រជាពលរដ្ឋ ៥ខ្នង នៅក្នុងក្រុងស្ទឹងត្រែង និងស្រុកថាឡាបរិវ៉ាត់ បានរងការបោកបក់ដោយខ្យល់កន្ត្រាក់ គ្រាមេឃកំពុងភ្លៀងខ្លាំង បណ្តាលឲ្យរងការខូចខាត កាលពីយប់ថ្ងៃទី១១មិថុនា និងនៅថ្ងៃទី១២មិថុនាឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយជាស្បៀងអាហារ ផ្តល់ជូនគ្រួសាររងគ្រោះ គ្រាកំពុងជួបការលំបាក ដែលបានកើតឡើងជាយថាហេតុពីគ្រោះធម្មជាតិ នារដូវវស្សានេះ។
នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក សាយ ព្រលឹង ដែលមានការចូលរួមពី អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្ទឹងត្រែង និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថាឡាបរិវ៉ាត់ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនគ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់បំប៉ើងដំបូលផ្ទះ ៤គ្រួសារ ក្នុងនោះ ១គ្រួសារ នៅក្នុងក្រុងស្ទឹងត្រែង និង ៣គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាលចុះសាកសួរសុខទុក្ខ និងការនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក សាយ ព្រលឹង បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសម្តែងការសោកស្តាយពី លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលជានិច្ចកាល លោក តែងតែគិតគូពីភាពសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រជានិច្ច ជាពិសេស ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ផ្ទះ នាពេលនេះ ត្រូវបានជួយសម្រួលដល់ការលំបាកបានទាន់ពេលវេលា ដោយមិនប្រកាន់រើសអើងឋានៈ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ស្របពេលជាមួយគ្នានោះ លោក សាយ ព្រលឹង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ ព្រោះត្បិតរដូវនេះជារដូវភ្លៀងធ្លាក់ ហើយក៏ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រូវបន្តអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល ក៏ដូច ក្រសួងសុខាភិបាល នូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួមឲ្យបានជាប់ជាប្រចាំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាសូមមានការប្រុងប្រយ័ត្នពេលមានខ្យល់ខ្លាំង ឬពេលភ្លៀងត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រមទាំងបានផ្តាំផ្ញើសូមឱ្យបងប្អូនថែររក្សាសុខភាពឱ្យបានល្អ នាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅតាមមូលដ្ឋានរៀងៗខ្លួន និងអនុវត្តតាមសេចក្ដីណែនាំ៣ការ ៣កុំ ២ចូលរួមឱ្យបានជាប្រចាំដើម្បីចូលរួមការពារខ្លួនពីការឆ្លងនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍របស់ អនុសាខាកាកបាទក្រហម ស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង បានបង្ហាញពីចំនួនគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១១មិថុនា និងការនាំយកអំណោយទៅផ្តល់ជូនគ្រួសាររងគ្រោះ នៅថ្ងៃទី១២មិថុនាម្សិលមិញ គឺមាន ៣គ្រួសារ និងនៅថ្ងៃទី១៣មិថុនានេះទៀត នឹងបន្តនាំយកអំណោយទៅផ្តល់ជូន ១គ្រួសារទៀត សរុប ៤គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលបានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនាពេលនោះ។ ចំណែក នៅក្នុងក្រុងស្ទឹងត្រែង នោះវិញ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់មាន ១គ្រួសារ ដែលផ្ទះរងការរបើកដំបូលធ្ងន់ធ្ងរ ហើយក៏ទទួលបានការយកចិត្តទុកដាក់ និងការផ្តល់អំណោយជូន ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ផងដែរ។
នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នោះផងទៀត ក៏មានដើមឈើធំៗ ដួរលំកាត់ផ្លូវជាច្រើនកន្លែង ធ្វើឲ្យខ្សែភ្លើងដាច់ និងនៅខណៈនេះ ក្រុមមន្ត្រីជំនាញ ក៏បានចុះកាត់រុះរើ និងបានតភ្ជាប់ខ្សែអគ្គីសនីឡើងវិញបានរួចរាល់ហើយដែរ៕ ដោយ៖ឡុង សំបូរ