អាជ្ញាធរស្រុកបាទី៖ការចុះកិច្ចព្រមព្រៀងជាមួយសេវាករប្រមូលសម្រាម នឹងធ្វើឱ្យស្រុកបាទីមានបរិស្ថានអនាម័យកាន់តែល្អស្អាត និងគ្មានសំរាមហើរតាមខ្យល់

តាកែវ៖ អាជ្ញាធរស្រុកបាទី បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងជាមួយនឹងសេវាករប្រមូលសំរាមនៅក្នុងភូមិសាស្រ្តស្រុកបាទី វានឹងធ្វើឱ្យស្រុកបាទីមានបរិស្ថានអនាម័យកាន់តែល្អស្អាត គ្មានសំរាមហើរតាមខ្យល់ និងបង្កើនសោភ័ណ្ឌភាពផងដែរ ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះកិច្ចព្រមព្រៀងជាមួយសេវាករលើការប្រមូលសំរាម និងសំណល់រឹង រាវ នៅតាមទីប្រជុំជនក្នុងស្រុកបាទី នាព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក ភួន ឈីម អភិបាលស្រុកបាទី បានមានប្រសាសន៍បន្តថា ខណៈពេលដែលទីតាំង ស្រុកបាទីរបស់ខេត្តតាកែវ មានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងដោយសារមានរោងចក្រសហគ្រាសប្រមាណ៣០បានបោះទីតាំងនៅក្នុងស្រុកនេះរួមទាំងមានផ្សារចំនួន៤នៅទីប្រជុំជននៅលើផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣ ដែលនាំឲ្យមានការពិបាកក្នុងការគ្រប់គ្រងសំរាម ប្រភេទកាកសំណល់រឹងនិងរាវ ដើម្បីធ្វើយ៉ាងណាឲ្យការប្រមូលសម្រាមនៅក្នុងស្រុកបានទាន់ពេលវេលានិងបង្កើនសោភ័នភាពរបស់ស្រុក។
លោក ភួន ឈីម អភិបាលស្រុកបាទីបានថ្លែងឲ្យដឹងថា ការគ្រប់សំរាមរបស់រដ្ឋបាលស្រុកពីមុនមកគឺធ្វើឡើងមិនមានភាពច្បាស់លាស់ ដោយដោះស្រាយបញ្ហាអោយរួចមួយគ្រាៗសិន ក៍ប៉ុន្តែដោយសារស្ថានភាពស្រុកមានការរីកចម្រើនខ្លាំង ព្រោះមានរោងចក្រសហគ្រាសចំនួនជាង៣០បានបោះទីតាំងវិនិយោគនៅក្នុងស្រុកបាទី មានផ្សារនៅទីប្រជុំជនចំនួន៤ រួមនិងកំណើនប្រជាពលរដ្ឋកើនឡើង ដែលនាំឲ្យការពិបាកក្នុងការប្រមូលសម្រាមនិងដុតសម្រាម ដូច្នោះក្រសួងបរិស្ថានបានផ្ដល់ឡដុតសម្រាមមួយមករដ្ឋបាលស្រុក ហើយបានរដ្ឋបាលស្រុកបានស្វែងរកសេវាករដើម្បីសហការប្រមូលសម្រាមយកទៅដុតឲ្យបានទាន់ពេលវេលា និងការគ្រប់គ្រងសម្រាមឲ្យបានល្អប្រសើរ។
បើតាមលោកអភិបាលស្រុកបាទី ក្នុងមួយថ្ងៃៗស្រុកបាទីមានសម្រាមប្រមាណ២០តោន ដែលទាមទាឲ្យអាជ្ញាធរួមនិងសេវាករប្រមូលសម្រាមសហការគ្រប់គ្រងបញ្ហាសម្រាមនៅក្នុងស្រុកឲ្យបានល្អប្រសើរ។
នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុកបាទី ភួន ឈីម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅតាមផ្សារ និងរោងចក្រសហគ្រាស សូមរក្សាទុកដាក់ វេចខ្ចប់សម្រាមអោយបានល្អ កុំបោះចោលពាសវាលពាសកាលដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណ្ឌភាពស្រុក ដោយរងចាំសេវាករប្រមូលសម្រាមទៅដឹកជញ្ជូនដល់កន្លែងដើម្បីយកទៅដុតបំផ្លាញចោល។
លោក ឡោ ជំនិត សេវាករប្រមូលសម្រាមបានថ្លែងឲ្យដឹងថា ការប្រមូលសម្រាមនឹងចាប់ផ្ដើមពីខែកក្ដដា ឆ្នាំ២០២២តទៅ ហើយទីតាំងដុតសម្រាមមានទំហ៊ំផ្ទៃដីប្រមាណ២ ហិកតា ដោយដុតសម្រាមប្រមាណ៧តោនក្នុងមួយថ្ងៃ ហើយនៅពេលខាងមុខលោកនិងបង្កើនទំហ៊ំផ្ទៃដីនិងទិញឡដុតសម្រាមបន្ថែមទៀតដើម្បីឲ្យការដុតសម្រាមបានទាន់ពេលវេលា។
បើតាមលោក ឡោ ជំនិត ជាទិសដៅនៅក្នុងការប្រមូលសម្រាមដំបូងគឺលោកនឹងចាប់ផ្ដើមធ្វើការប្រមូលសម្រាមនៅតាមទីប្រជុំជននិងនៅតាមផ្លូវជាតិនិងទីសាធារណៈ មុននឹងចាប់ផ្ដើមប្រមូលសម្រាមតាមរោងចក្រសហគ្រាសនិងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងនាមសេវាករ លោកនឹងប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យស្រុកបាទីជាស្រុកមួយដែលគ្រប់គ្រងសម្រាមបានល្អ៕