ខេត្តព្រះវិហារ៖ ប្រធានគម្រោងយើងរួមគ្នា នៃអង្គការអាដ្រាកម្ពុជា ប្រចាំខេត្ត៣ គឺខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ លោក រ័ត្ន រម្យនា បានថ្លែងបែបនេះ ក្នុងពេលប្រារព្ធពិធី ទិវាពិភពលោកគ្មានថ្នាំជក់ ៣១ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ថ្នាំជក់បំពុលបរិស្ថានយើង” បង្ហាញពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំជក់ និងផ្សែងបារី លើទារកទើបកើត កុមារ ស្ត្រីមានផ្ទៃពោះ និងវ័យយុវជន។
ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១៣មិថុនាឆ្នាំ២០២២ ក្រោមការរៀបចំពីគម្រោងយើងរួមគ្នា នៃអង្គការអាដ្រាកម្ពុជា សហការជាមួយរដ្ឋបាលស្រុកសង្គមថ្មី មន្ទីរសុខាភិបាលខេត្ត និងមន្ទីរកិច្ចការនារីខេត្តព្រះវិហារ។
លោក រ័ត្ន រម្យនា បានលើកឡើងថា ក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារការប្រើប្រាស់ថ្នាំជក់ទូទាំងពិភពលោក ប្រមាណ ៨លាននាក់ និងអ្នកស្រូបផ្សែងបារីពីគេ ស្លាប់ប្រមាណ ៧សែននាក់ ក្នុងនោះ ប្រជាជនកម្ពុជាស្លាប់ប្រមាណ ១៥ម៉ឺននាក់ រៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់។ លោកថា មានគ្រួសារកម្ពុជាជាង ៧០ភាគរយ បានប្រើ ប្រាស់ចំណូលរបស់ខ្លួនជាង ១០ភាគរយ ទៅលើការទិញបារី ដែលស្មើនឹងប្រមាណ ១០១.៧៩លានដុល្លាអាមេរិក ក្នុងមួយឆ្នាំៗ ដែលការចំណាយដ៏ធំធេងនេះ ជាកត្តាលីករជំរុញឱ្យពលរដ្ឋកម្ពុជាធ្លាក់ក្នុងភាពក្រីក្រ។
លោក រ័ត្ន រម្យនា បានបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ នៅក្នុងពេលនេះ មានគោលបំណង ដើម្បីបង្កើនចំណេះដឹង ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឱ្យយល់ដឹងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ចំពោះសុខភាព ដោយសាការជក់បារី ឬចុកថ្នាំ ឬការប្រើប្រាស់ផលិតផលថ្នាំជក់ ដូចជា ស្ដ្រីមានផ្ទៃពោះ ឬកុមារតូចៗ ដែលស្រូបយកផ្សែងបារីពីគេជាដើម។
លោក រ័ត្ន រម្យនា បានថ្លែង លើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល និងអ្នកថែទាំកុមារ ត្រូវតែបោះបង់ចោលទម្លាប់ជក់ ឬចុកថ្នាំ ការធ្វើបែបនេះ គឺដើម្បីសុខភាពខ្លួនឯង សុខភាពកុមារ និងសុខភាពអ្នកដ៏ទៃ ផងទៀត។
អភិបាលរងស្រុកសង្គមថ្មី លោក ប៉ែន ជឹង បានលើកឡើងថា ពិតមែនតែការជក់បារី វាជារឿងធម្មតានៅក្នុងសង្គម នៃប្រទេសនានាលើពិភពលោក តែជាការពិត វាមិនត្រឹមតែជាគ្រោះថ្នាក់លាក់កំបាំង ដែលបង្កហានិភ័យដល់សុខភាពរបស់អ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេនោះទេ ប៉ុន្តែ វាក៏បានបង្កការគំរាមកំហែងដល់បរិស្ថានរស់នៅរបស់យើងផងដែរ។
លោក ប៉ែន ជឹង បានថ្លែង ចាត់ទុកទម្លាប់ចោលកន្ទុយបារីពាសវាលពាសកាល បានក្លាយជាកត្តាសំខាន់មួយ ដែលបំពុលដល់បរិស្ថាន ព្រោះក្នុងកន្ទុយបារីមានប្លាស្ទិក ដែលមានជាតិពុល ពេលដែលត្រូវពន្លឺថ្ងៃនិងសំណើម វានឹងបំភាយវត្ថុធាតុតូចល្អិត ដែលមានជាតិពុលចូលទៅក្នុងខ្យល់អាកាស ទឹក ដី និងចំណីអាហារ ដែលទាំងនេះ ជាភ្នាក់ងារចម្លងជាតិពុលចូលខ្លួនមនុស្ស និងសត្វយ៉ាងងាយ និងដោយមិនដឹងខ្លួន។
អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក យឹម សុងកន ដែលជាឱសថការីខេត្ត បានអំពាវនាវ ដល់សាធារណជន ដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ គួរលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងអ្នកដែលមិនទាន់ចាប់ផ្ដើមប្រើប្រាស់ផលិតផលថ្នាំជក់ ត្រូវចៀសវាងពីការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីសុខភាព និងសង្គ្រោះភពផែនដីរបស់យើង និងត្រូវពួតដៃគ្នាកសាងជីវភាព ដោយគ្មានផ្សែងបារី ត្រូវបង្កើនការផ្សព្វផ្សាយ បង្ការទប់ស្កាត់ និងបញ្ឈប់ការជក់បារី ដើម្បីសុខភាពរបស់ខ្លួន ក៏ដូចក្រុមគ្រួសារ និងសង្គមជាតិ ផងដែរ៕ ដោយ៖ឡុង សំបូរ