សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ​ផែនការ​ត្រៀម​ឆ្លើយតប​គ្រោះមហន្តរាយ​

0

​សៀមរាប ៖​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ​២០១៤​នេះ មាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ និង ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ខេត្ត​ឆ្នាំ​២០១៤ ក្រោម​អធិបតី ភាព​របស់លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​លោកជំទាវ គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង អង្គការ​ដៃគូ​ចូលរួម​ផងដែរ​។DSC_0019

​ ​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ខេត្ត​ឆ្នាំ​២០១៤​ក្នុង​គោលបំណង​ដើម្បី​ត្រៀម​រៀបចំ​និង​ត្រៀម​ឆ្លើយតប​គ្រោះមហន្តរាយ ដែល​បាន​កំពុង​កើតឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សំដៅ​ត្រៀម​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយសារ​មុខសញ្ញា​គ្រោះថ្នាក់​ផ្សេងៗ ។​ ​បន្ទាប់ពី​សេចក្តីរាយការណ៍​របស់​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ស្តីពី​កិច្ច ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ឆ្នាំ​២០១៤​និង ការធ្វើ ចំណាប់អារម្មណ៍​របស់​លោក​មេឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ស្តីពី​ការអនុវត្ត​សៀវភៅ​ផែនការ​ឆ្លើយតប​គ្រោះ​មហន្ត រាយ និង ការធ្វើ​ចំណាប់អារម្មណ៍ និង ទស្សនទាន ស្តីពី​បទពិសោធន៍ ក្នុងការ​ឆ្លើយតប​គ្រោះមហន្តរាយ​របស់​អង្គការ ភ្លែ​ន​អន្តរជាតិ​រួចមក មានប្រសាសន៍​នោះដែរ​លោក​ឃឹម ប៊ុន​សុង​បាន​គូសបញ្ជាក់ថា​ការផ្សព្វផ្សាយ និង ដាក់​ឲ្យ ប្រើប្រាស់​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​នេះ​មាន​សារៈសម្ខាន់ និង បង្ហាញ​ពី​ការ យកចិត្តទុកដាក់​ខ្ពស់​រួមគ្នា​មួយ ក្នុង​កិច្ចការ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​នានា​ដែល​តែងតែ​កើត​ឡើងជា​រៀងរាល់ ឆ្នាំ ។

ម្យ៉ាងទៀត​ការធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ឆ្នាំ​២០១៤​នេះ​ក៏ ដោយមាន​ការចូលរួម ពី​ក្រុមការងារ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត តំណាង​មន្ទីរ​អង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និង ដៃគូ​អភិវឌ្ឍន៍ និង អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​។​ឯកឧត្តម​បាន​បន្តទៀតថា ហានិភ័យ នៃ​គ្រោះមហន្តរាយ ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​កម្ពុជា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​តែង​កើតឡើង​ញឹកញាប់​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន បានធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​សត្វ ខូច ខាត​ហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ និង ទ្រព្យសម្បត្តិ​ផងដែរ ។

លោក​ឃឹម ប៊ុន​សុង​បាន​បន្តទៀតថា​មុខសញ្ញា គ្រោះថ្នាក់ បង្កឡើង​ដោយ​ធម្មជាតិ និង ដោយ​មនុស្ស មាន​ទឹកជំនន់ គ្រោះរាំងស្ងួត​ខ្យល់ក​ន្ទ្រា​ក់ ខ្យល់ព្យុះ រន្ទះបាញ់ និង អ​គី្គ​ភ័យ​ជាដើម ។ ក្នុង​ឆ្នាំ​២០១៣​ទឹកជំនន់​គ្របដណ្តប់​លើ​ខេត្តសៀមរាប​បណ្តាល​ឲ្យ​ក្រុង ស្រុក​ទាំង​១២ ដោយ មាន​៦៩ ឃុំ សង្កាត់ ស្មើ ៤៣៩​ភូមិ ទទួលរង​ផលប៉ះពាល់ និង​ខូចខាត ទៅលើ​វិស័យ​ផលិតកម្ម​សង្គមកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ផងដែរ​។​ឯកឧត្តម​បន្តទៀតថា នា​ដើមឆ្នាំ​២០១៤​នេះ ខេត្តសៀមរាប​ទទួលរ​ង​នូវ​ឥទ្ធិពល ខ្យល់ក​ន្ទ្រា​ក់ លាយឡំ​នឹង​ភ្លៀងហើយ​តំបន់​មួយចំនួន​បាន​ជួប​នូវ​អគ្គីភ័យ បានធ្វើ​ឲ្យ​ក្រុង ស្រុក​០៨ មាន​២​សង្កាត់ និង ១២​ឃុំ​ស្មើ ៤៣​ភូមិ បាន​បណ្តា​ឲ្យ​របួស​មនុស្ស ០៥​នាក់ ងាប់​គោ​០១​ក្បាល រលំ​ផ្ទះ ៤០​ខ្នង រលំ​តូប​១៤​ខ្នង​ទ្រេត​ផ្ទះ ០៣​ខ្នង របើក​ដំបូល​១០៤​ខ្នង និង ឆេះ​ផ្ទះ​០៤​ខ្នង​ផងដែរ ។ ក្នុងនោះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត សហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​អង្គការ​ដៃគូរ​ពាក់ព័ន្ធ​បាន​ចុះជួយ​អន្តរាគមន៍​និង​ផ្តល់ អំណោយ​សង្គ្រោះបន្ទាន់​ដល់​បងប្អូន​រងគ្រោះ​ផងដែរ​។​លោក​ឃឹម​ប៊ុន​សុង​ក៏បាន​លើកឡើង​នូវ យន្ត​ការល្អៗ​មួយចំនួន​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​មន្ទីរ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ក៏​ដូច​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​ដោយ​រួម​សកម្មភាព​ដែល​ត្រូវអនុវត្ត​មុនពេល​ក្នុងពេល​និង ក្រោយពេល​គ្រោះមហន្តរាយ​។​ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរ បាន​បន្សល់​នូវ​ជនពិការ កុមារកំព្រា​ស្រី្ត​មេម៉ាយ ដែលជា​បញ្ហា​ដល់​សង្គម ។

ម្យ៉ាងទៀត​នៅ​ឆ្នាំ​២០១៤​នេះ ខេត្តសៀមរាប​បាន​បញ្ជៀ​ស និង​កាត់បន្ថយ​នូវ​គ្រោះ​អគ្គីភ័យ​បានល្អ ក៏ដោយ​ការយល់ ដឹង និង យកចិត្តទុកដាក់​រប​ស់​ប្រជាពលរដ្ឋ​ព្រមទាំង​ការចុះ​ជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​របស់​សម​ត្ថ​កិច្ច ពន្លត់ អគ្គីភ័យ​យើង​ផងដែរ​។​លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​និង​អង្គការ​ដៃគូ​ទាំងអស់ ត្រូវមាន​កិច្ច​សហការគ្នា​ឲ្យ​បានល្អ​សម្ខាន់​បណ្តា​អង្គការ​ដែលមាន​នៅក្នុង​មូលដ្ឋាន​ខ្លួន ព្រមទាំង​ត្រូវ​ត្រៀម​បម្រុង​នូវ​រាល់​សម្ភារៈ​បរិក្ខា​ក្នុងការ​ជួយសង្គ្រោះ​ឲ្យ​បាន​គ្រប់ពេលវេលា​។ ឯកឧត្តម​ក៏មាន​សង្ឃឹម​ជឿជាក់​ផងដែរ​ថា​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ខេត្ត ឆ្នាំ​២០១៤​នេះ​នឹង​ក្លាយជា​ឯកសារ​ដ៏​មានតម្លៃ​សម្រាប់​ប្រតិបត្តិ​ការឆ្លើយតប​និង​គ្រប់គ្រង​គ្រោះមហន្តរាយ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ត​គោលការណ៍​ទាំងនេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ម្យ៉ាងទៀត​សៀវភៅ​នេះ គឺ​ប្រមូលផ្តុំ​ទៅដោយ​យន្តការ វិធានការ មធ្យោបាយ ទិន្នន័យ​សម្ភារៈ​និង ធនធាន​សម្ខាន់ៗ សម្រាប់​ត្រៀម​រៀបចំ​កាត់បន្ថយ​និង​ឆ្លើយតប​នៅពេលដែល​គ្រោះមហន្តរាយ​កើតឡើង​ព្រមទាំង បានធ្វើការ​ប្រកាស់​ដាក់​ឲ្យ​ប្រើប្រាស់​សៀវភៅ​ផែនការ​ត្រៀម​បម្រុង​សម្រាប់​ឆ្លើយតប​គ្រោះមហន្តរាយ​ខេត្ត​ឆ្នាំ ២០១៤ ជា​ផ្លូវការ​ផងដែរ ។ដោយផន សុខជាតិ​DSC_0020