សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានស្នើដល់ក្រុងសេអ៊ូលឱ្យបញ្ឈប់យុទ្ធនាការ ឃោសនាខាងសាសនាកាត់ព្រំដែនតាមរយៈការបង្ហោះបាល់ឡុងអមទៅដោយខិត្តបណ្ណ័ ហើយបង្ហាញពីភាពស្មោះសដើម្បីជំរុញការចរចារវាងកូរ៉េទាំង២ ។ អ្នកនាំពាក្យម្នាក់របស់គណៈប្រតិភូកូរ៉េខាងជើង ដែលតែងធ្វើការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងកូរ៉េទាំង២ឱ្យដឹង ថា ការបញ្ជូនបាល់ឡុងហោះទាំងនោះដែលមានផ្ទុកពាក្យឃោសនា មួលបង្កាច់វាយប្រហារប្រឆាំងប្រព័ន្ធសង្គមរបស់កូរ៉េខាងជើង គឺជាអំពើយ៉ាងប្រទូស្តរា៉យបំផុត ដែលបំផ្លាញដល់ការកែលម្អទំនាក់ទំនងរវាងកូរ៉េទាំង២ ។ ការបង្ហោះការឃោសនាទាំងនេះគឺជាការធ្វើសង្គ្រាមចិត្តសាស្ត្រយ៉ាង ច្បាស់បំផុត ព្រមទាំងជាការរំលោភបំពានយ៉ាងកម្រោលដល់
កិច្ចព្រមព្រៀងជាតិ ព្រមទាំងជាអំពើបង្កការប្រឈមមុខចំពោះកូរ៉េខាងជើង ក៏ដូចជាអំពើមួយសំដៅបង្កសង្គ្រាមប្រឆាំងក្រុងព្យុងយ៉ាង ។ យោងតាម KCNA ថា ចាប់តាំងពីខែសីហា មក បាល់ឡុងហោះយ៉ាងច្រើនត្រូវបានបង្ហោះកាត់ព្រំដែនរវាងកូរ៉េទាំង២ ហើយមកធ្លាក់នៅខាងព្រំដែនកូរ៉េខាងជើង ។ KCNA បានហៅ ការបង្ហោះបាល់ឡុងនោះថា ឧបាយកលនៃប្រតិបត្តិការបាល់ឡុងហោះ ។ KCNA បញ្ជាក់ថា តែ១ថ្ងៃបាល់ឡុងហោះទាំងនេះអាចបញ្ជូន USB ផ្ទុកការឃោសនាដល់ទៅ១,២លាន
ព្រមទាំងសៀវភៅឃោសនាសាសនាតូចៗដល់ទៅ២២៥០ចូលមកដែនដីកូរ៉េខាងជើង ។ ទាក់ទិនដល់ការកែលម្អទំនាក់ទំនងរវាងកូរ៉េទាំង ២ កូរ៉េខាងជើងអំពាវនាវឱ្យមានសកម្មភាពដោយស្មោះស និងជាក់ស្តែងពីសំណាក់កូរ៉េខាងត្បូង ជាជាងការប្រើពាក្យឱ្យតែរួចពីមាត់ និងការលេងពាក្យបោកប្រាស់ ។ KCNA បន្តថា ក្រៅពីបញ្ចេញតែទ្រឹស្តីអំពីការកសាងការជឿទុកចិត្តគ្នា អាជ្ញាធរកូរ៉េខាងត្បូងនៅតែប្រមាថកូរ៉េខាងជើង ហើយធ្វើសកម្មភាពដោយមានពុតត្បុត ។ កូរ៉េខាងជើងស្នើដល់ក្រុងសេអ៊ូល
ឱ្យបញ្ឈប់ប្រតិបត្តិការបាល់ឡុង ហោះនេះដែលជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្រប្រឆាំងខ្លួន ដោយទទូចលើប្រការដែលថាក្រុងព្យុងយ៉ាងបើកចំហចំពោះការចរចា ប្រសិនបើកូរ៉េខាងត្បូងបញ្ឈប់ការឃោសនាបែបនោះ ៕Bun rithy