ក្បួនរថយន្តដឹកជំនួយមនុស្សធម៌រុស្ស៊ីមួយខ្សែទៀតទៅដល់ភាគខាងកើតអ៊ុយក្រែន សារព័ត៌មាន រុស្ស៊ីរាយការណ៍កាលពីថ្ងៃទី១៤ កញ្ញា ថា រថយន្តកាំមីញ៉ុង ប្រមាណជា១០០គ្រឿង ដែលដឹកជំនួយមនុស្សធម៌លើកទី២ បានទៅដល់ទីក្រុងលូហ្គានស្ក៍ ភាគខាងកើតអ៊ុយក្រែនហើយ រួចកំពុងតែរើទំនិញចេញ ។ រថយន្តកាំមីញ៉ុងទាំងនោះដឹកស្ករស គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ថ្នាំពេទ្យ និងផលិតផលចាំបាច់ឯទៀតៗ សម្រាប់ផ្តល់ឱ្យពលរដ្ឋនៅទីក្រុងនោះ ដែលជួបប្រទះនឹងសង្គ្រាមយ៉ាងអាក្រក់មួយ ។ ស្តេប៉ាណូវ អនុរដ្ឋមន្ត្រីក្រសួងសភាពការណ៍បន្ទាន់រុស្ស៊ី ធ្លាប់បញ្ជាក់នាពេលមុននេះថា ក្បួនរថយន្តនោះដឹកជំនួយមនុស្សធម៌ប្រមាណជា២.០០០តោន ។ មន្ត្រីគយរុស្ស៊ីម្នាក់ បញ្ជាក់ថា រថយន្តកាំមីញ៉ុង
ទាំងនេះបានចូលក្នុងដែនដីអ៊ុយក្រែន តាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនដូណេតស្ក៍ ក្រោយពីទទួលភ្លើងខៀវរបស់ក្រុមគយរុស្ស៊ី ក្រោមការត្រួតពិនិត្យរបស់ក្រុមគយអ៊ុយក្រែន ។ មន្ត្រីគយរុស្ស៊ីបន្តថា បណ្តានីតិវិធីគយសម្រាប់ក្បួនរថយន្តនេះ បានបំពេញនាព្រឹកថ្ងៃទី១៣ កញ្ញា រួចក្បួនរថយន្តធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងលូហ្គានស្ក៍ ។ ក្រសួងការបរទេសអ៊ុយក្រែន ធ្លាប់បាន
ប្រកាសថា ក្បួនរថយន្តរុស្ស៊ីត្រូវត្រួតពិនិត្យដោយក្រុមគយអ៊ុយក្រែននៅ ព្រំដែន មុនពេលអាចចូលក្នុងដែនដីអ៊ុយក្រែន រួចកាកបាទក្រហមអន្តរជាតិ CICR ត្រូវទទួលបន្ទុកត្រួតពិនិត្យបន្ថែម និងចែកចាយជំនួយមនុស្សធម៌ ៕Bun rithy