​ច​ន ឃែ​រី ទៅ​អេ​ហ្ស៊ី​ប បញ្ចុះបញ្ចូល​ប្រទេស​អារ៉ាប់ ឲ្យ​រួបរួមគ្នា​កម្ចាត់​ពួក​ជី​ហាត

0

​លោក​ច​ន ឃែ​រី បាន​អញ្ជើញ​ទៅដល់​ប្រទេស​អេ​ហ្ស៊ី​ប នៅ​ថ្ងៃ​១៣​ខែកញ្ញា ក្នុង​គោលដៅ​ស្វែងរក​ការគាំទ្រ ពី​បណ្តា​ប្រទេស​អារ៉ាប់ នៅ​តំបន់​ដើម​បូព៌ា ដើម្បី​រួមគ្នា​បង្កើត​សហប្រតិបត្តិការ​ចំរុះ​មួយ ក្នុងការ​កម្ទេច​ក្រុម​ជី​ហាត​អ៊ីស្លាម​ជ្រុលនិយម ដែល​កំពុងតែ​យាយី​អ៊ីរ៉ាក់ និង​ស៊ី​រី​។ អេ​ហ្ស៊ី​ប​ដែលជា​ស្នូល​ចម្បង​នៅក្នុង​ពិភព​អារ៉ាប់ គឺជា​គ​ន្លិះ​សំខាន់​ណាស់​ក្នុងការ​ដាស់​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​បុព្វ​ជិត​សាសនា​អ៊ីស្លាម ដើម្បី​វាយ​បំបែកពួក​ជី​ហាត​ជ្រុលនិយម​។​ ​បន្ទាប់ពី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានធ្វើ​សេចក្តីថ្លែងការណ៍ ថា​និង​វាយកំទេច​ពួក​ជី​ហាត​អ៊ីស្លាម​ជ្រុលនិយម ឲ្យ​អស់ លោក ច​ន ឃែ​រី ប្រមុខ​ការទូត​អាមេរិក

បានចាប់ផ្តើម ធ្វើ​យុទ្ធនាការ​ប្រមែប្រមូល ប្រទេស​អារ៉ាប់​ឲ្យ​ចូល រួមគ្នា ក្នុងការ​បោសសម្អាត​ពួក​ជី​ហាត​និយម​ជ្រុល​។ គម្រោង​របស់លោក​អូ​បា​ម៉ា គឺ​បង្កើតជា​ក្រុម​សហ​ប្រតិ​ប​តិ្ត​ការ​ចំរុះ​មួយ រវាង​ប្រទេស​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​សហរដ្ឋអាមេរិក ក្នុងការ​សហការគ្នា​ផ្តល់​ពត៌មាន​ទៅវិញទៅមក ទាំង​ផ្នែក​យោធា និង​នយោបាយ​។ ​កាលពី​ថ្ងៃ​សៅរ៍ លោក​ច​ន ឃែ​រី បាន​អញ្ជើញ​ទៅដល់​ប្រទេស​អេ​ហ្ស៊ី​ប ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​ត្តា​ស អាល់ ស៊ី​ស្ស៊ី និង​លោក ប្រធាន

​សម្ព័ន្ធ​អារ៉ាប់ ណា​ប៊ី​ល អាល់ អា​រ៉ា​ប៊ី​។ តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីការទូត​អាមេរិក​ដែល​អមដំណើរ​លោក​ច​ន ឃែ​រី បំណង​របស់​អាមេរិក​ក្នុង​ពេលនេះ គឺ​ចង់បាន​ការគាំទ្រ​ពី​ស្ថាប័ន​កំពូល​របស់​សាសនា​អ៊ីស្លាម​។ ស្ថាប័ន​នោះ​គឺ​សំដៅលើ​សកលវិទ្យា​ល័យ​អ៊ីស្លាម​ដ៏​ធំជាងគេ​បំផុត ឈ្មោះ​អាល់ អា​ហ្សា​រ ដែលមាន​ទីតាំងនៅ​ក្រុង​គែ​រ៍ ប្រទេស​អេ​ហ្ស៊ី​ប​។ គួរ​បញ្ជាក់ថា អេ​ហ្ស៊ី​ប គឺជា​ស្នូល​នៃ​ពិភព​អារ៉ាប់ ពោលគឺ​ប្រទេស​នេះ ជាទី​ដែលមាន​មនោគមវិជ្ជា និង​ឥទ្ធិពល​របស់​សាសនា​អ៊ីស្លាម ទៅលើ​ប្រទេស​ក្នុង​

ពិភព​អារ៉ាប់​ទាំងមូល​។ ទន្ទឹមនឹងនេះ មេ​ពួក​ជី​ហាត​និយម​ជ្រុល​ភាគច្រើន ក៏មាន​ដើមកំណើត​ពី​អេ​ហ្ស៊ី​ប​ដែរ​។ អាមេរិក ប្រាថ្នា​ចង់​ឲ្យ សកល​វិទ្យាល័យ​នេះ ចេញ​ជា​អនុសាសន៍​រួមមួយ ឲ្យ​ដល់​បណ្តា​វិហារ​អ៊ីស្លាម​ទាំងអស់ ដោយ​ប្រកាស​ថ្កោលទោស​រាល់​អំពើ​ព្រៃផ្សៃ ដែល​ពួក​ជី​ហាត​បានធ្វើ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ កុំ​គាំទ្រ​ពួក​អ៊ីស្លាម​និយម​ជ្រុល​ទាំងនោះ​។​ ​គម្រោង​សហប្រតិបត្តិការ​ចំរុះ​របស់​អាមេរិក​នេះ បានទទួល​ការគាំទ្រ​ពី​ប្រទេស​ចំនួន​១០​ហើយ ក្នុង​ពិភព​អារ៉ាប់​។ កត្តា​សំខាន់​

ដែល​ជំរុញ​ប្រទេស​អារ៉ាប់​ឲ្យ​ចូលរួម​ជាមួយ​អាមេរិក ក្នុងការ​កម្ទេច​ពួក​ឧទ្ទាម​ជី​ហាត គឺ​ដោយសា​ប្រទេស​ទាំងនោះ ភ័យខ្លាច​ពួក​ភេរវ​ករ​ជី​ហាត បន្ត​រីក​រាលដាល ធ្វើ​សកម្មភាព​ក្នុងប្រទេស​ខ្លួន​។ តាមពិត​តាម​បណ្តា​ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​តំបន់​ដើម​បូព៌ា សុទ្ធសឹង​តែមាន​ពួក​ឧទ្ទាម​អ៊ីស្លាម​និយម​ជ្រុល ដោយឡែកៗ​ពីគ្នា​។ ថ្វីត្បិតតែ​ពួកនេះ​មិនមែនជា​ក្រុម​តែមួយ​ពិតមែន តែ​ចំណុចរួម​របស់​ពួកវា គឺ​ការធ្វើ​ភេរ​កម្ម​បង្ក​ការភ័យខ្លាច និង​ភាព​សាហាវយង់ឃ្នង ជ្រុលនិយម​ក្នុងការ​គោរព​សាសនា​អ៊ីស្លាម​។ ដូច្នេះហើយ ទើប​មានការ​បារម្ភ​ថា ពួកនេះ​អាច​រួបរួមគ្នា ជាមួយ​ពួក​ជី​ហាត​អ៊ីរ៉ាក់ និង​ពួក​អាល់​កា​អ៊ី​ដា បង្កចលាចល

កាប់សម្លាប់​ប្រជាជន​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​។​ ​ទោះបីជា​យ៉ាងណា អ៊ីរ៉ង់ ស៊ី​រី និង​ទួ​ក​គី​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ក្រុមចំរុះ​នេះ​ទេ ដោយ​ពួកគេ នៅមាន​ភាពមន្ទិលសង្ស័យ ទៅលើ​ប្រទេស​អារ៉ាប់​មួយចំនួន ដែលមាន​ទំនាក់ទំនង​ស្នឹ​ត​ជាមួយ​ពួក​ជី​ហាត​។ ចង់​កម្ទេច​ពួក​ជី​ហាត​នៅលើ​ដែនដី​ម​ជ្ឈឹ​ម​បូព៌ា​ដ៏​ធំ​ល្វឹងល្វើយ មិនមែនជា​ការងាយ​ទេ​។ អ្វីដែល​សំខាន់​គឺ ទាល់តែ​កាត់ផ្តាច់​ឲ្យ​បាន នូវ​ប្រភព​អាវុធ​របស់​ពួកនេះ ហើយ​និង​បិទ​ច្រកចេញចូល​របស់​ពួក​ឧទ្ទាម កុំ​ឲ្យ​វា​ធ្វើ​ចរាចរណ៍​បាន​៕ Bun rithy