តុលាការខេត្តព្រះវិហារ បានឃុំខ្លួនស្ត្រីម្នាក់ ជាប់ចោទជាច្រើនករណី ក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ

0

ខេត្តព្រះវិហារ៖ ស្ត្រីម្នាក់បានរងការចោទពីតំណាងអយ្យការ និងតំណាងសាលាដំបូងព្រះវិហារ ជាច្រើនករណី ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ក្រោយការចុះឃាត់ខ្លួនរបស់ កម្លាំងកងរាជអាវុធហត្ថខេត្ត យកមកសាកសួរ កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២។

ស្ត្រីសង្ស័យដែលជាប់ពាក់ព័ន្ធ និងរងការចោទពីតុលាការខេត្តព្រះវិហារ លើករណីឆបោក កំហែងយក និងការគម្រាមសម្លុតនោះ ត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តព្រះវិហារ នោះហើយ ក្រោយពីបានបញ្ចប់សវនាការសាកសួរ កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ នោះរួចមក។

ក្នុងគ្រាបច្ចុប្បន្ននេះ ស្ត្រីសង្ស័យរូបនោះ កំពុងស្ថិតក្រោមការឃុំខ្លួន និងការពារយ៉ាងម៉ឺងម៉ាត់ ពីមន្ត្រីអនុរក្សពន្ធនាគារខេត្តព្រះវិហារ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចុះឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ នួន ចាន់រ៉ា អាយុ ២៣ឆ្នាំ នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មន្ត្រីតុលាការខេត្តបានឲ្យដឹងថា ការឃាត់ខ្លួនស្ត្រីវ័យ ២៣ឆ្នាំខាងលើនេះ ដោយមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ក្រោមបទចោទ«ឆបោក ,កំហែងយក និងគម្រាមសម្លុត មិនឲ្យដាក់ពាក្យបណ្តឹង ឬ ដកពាក្យបណ្តឹង ដែលជាប់ក្នុងបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៣៦៣ ,៣៦៤ ,៣៧៧ ,៣៧៨ និងមាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្រោយការចោទប្រកាន់ស្ត្រី នួន ចាន់រ៉ា វ័យ២៣ឆ្នាំខាងលើនោះ បានធ្វើឡើងន្ទាប់ពីតុលាការបានរកឃើញកំហុស ដែលស្ត្រីរូបនេះបានយករូបថត ថ្នាក់ដឹកនាំស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត ក៏ដូច រូបថតប្រធានអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីបង្កើត account Pake ( telegram ) ហើយបានប្រើល្បិចឆបោក និងសម្លុតគំរាមគេ ឲ្យវេលុយឲ្យខ្លួន និងការគំរាមឲ្យគេដកពាក្យបណ្តឹង ជាដើម។ល។

បន្ទាប់ពីបានស្រាវជ្រាវរកឃើញកំហុសទាំងអស់នោះហើយ ទើបស្ថាប័នអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ សម្រេចចុះឃាត់ខ្លួន ហើយបានធ្វើការចោទប្រកាន់ស្ត្រីរូបនេះ និងបានបញ្ជាមន្ត្រីនគរបាលយុត្តិធម៌ ឲ្យនាំខ្លួនស្ត្រី នួន ចាន់រ៉ា វ័យ២៣ឆ្នាំ ទៅដាក់ពន្ធនាគារខេត្តព្រះវិហារ ជាបណ្តោះអាសន្ន និងរង់ចាំការបើកសវនាការសម្រេច នាពេលខាងមុខនេះ។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតាមការសម្រេចនេះ ឲ្យបានម៉ឺងម៉ាត់បំផុត ដោយរង់ចាំមានបញ្ជាជាថ្មី៕ ដោយ៖ឡុង សំបូរ