ខេត្តមណ្ឌលគិរី ៖ ស្ត្រីជនជាតិបារាំងម្នាក់ បានស្លាប់នៅក្នុងផ្ទះមួយកន្លែង សង្ស័យបណ្តាលមកពីកើតជំងឺប្រចាំកាយ។ ហេតុការនេះ បានកើតឡើងនៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបារាំងរូបនោះមាន ឈ្មោះ ALIANCHE Iris អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀនតាមអនឡាញ កាន់លិខិតឆ្លងដែនលេខ 20ED 17815 ស្នាក់នៅបណ្ដោះអាសន្ន ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ រួមជាមួយ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកសែនមនោរម្យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះទៅពិនិត្យកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពិនិត្យវិភាគកន្លែងកើតហេតុ និងសាកសពយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យនោះរួច មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសពជនរងគ្រោះ បានស្លាប់ដោយសារជម្ងឺប្រចាំកាយ គឺកើតជម្ងឺហឺត។
ពាក់ព័ន្ធករណីនេះ និងបើយោងតាមការបំភ្លឺពីម្ដាយ នៃសពខាងលើ បានបញ្ជាក់ថា កូនស្រីរបស់គាត់មានជម្ងឺហឺត និងប្រើប្រាស់ថ្នាំហឺតជាយូរឆ្នាំណាស់មកហើយ ព្រមទាំងផឹកស្រា និងជក់បារីជាប្រចាំថែមទៀតផង។
ក្រោយពិនិត្យសាកសពចប់សព្វគ្រប់ កម្លាំងនគរបាល និងក្រុមគ្រូពេទ្យជំនាញ បានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅតំកល់ទុកធ្វើបុណ្យ តាមប្រពៃណី៕ដោយ៖ឡុង សំបូរ