(ប៉ៃលិន)៖ សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវន្តខេត្តប៉ៃលិន បានដើរតួនាទីចូលរួមចំណែកក្នុងការលើកកម្ពស់ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ នេះបើតាមការឲ្យដឹងពីព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត និងជាព្រះប្រធាន សង្ឃមណ្ឌលបរិស្ថាន នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ខណះពេលដែលព្រះអង្គ ដឹកនាំពុទ្ធបរិស័ទ្ធ ទាំងក្នុងខេត្ត និងក្រៅខេត្ត ចុះដាំកូនឈើចម្រះចំនួន៣០០០ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថានប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត និងជាប្រធាន សង្ឃមណ្ឌលបរិស្ថាន បានមានថេរដីកាឱ្យដឹងថា៖ សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ជាទីកន្លែងដ៏ស្ងប់ស្ងាត់ ហើយមានជីវៈចម្រុះ និងធម្មជាតិស្រស់បំព្រង ដែលអំណោយផលដល់ការធ្វើសមាធិ តាមបែបព្រះពុទ្ធសាសនា និងមានអាស្រមតូចមួយ ដែលតម្កល់ រូបសំណាកព្រះពុទ្ធរូបព្រះអង្គខ្មៅ សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាទៅតាមជំនឿ។សង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន ដែល មានព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្តជាប្រធាន មានផ្ទៃដីជិត ៩ហិកតា ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅក្បែរតំបន់ទឹកធ្លាក់បយ៉ាខា ដែលមានចម្ងាយផ្លូវ ប្រមាណជាង២ គីឡូម៉ែត្រ ពីផ្លូវក្រាលកៅស៊ូ ក្នុងភូមិបរហ៊ុយត្បូង។
ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត និងជាប្រធាន សង្ឃមណ្ឌលបរិស្ថាន បានមានថេរៈដីកាបញ្ជាក់ថា៖ សង្ឃមណ្ឌលបរិស្ថាននេះ ព្រះអង្គបង្កើតឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ត ក្នុងកិច្ចការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន ព្រះអង្គកំពុងធ្វើយុទ្ធនាការ ដាំដើមឈើប្រណិត ១លានដើមផងដែរ។ ដោយនៅថ្ងៃនេះគឺយើងបាននាំកូនឈើដូចជាប្រភេទឈើ គ្រញូង បេង នាងនួន ធ្នង់ ឈើទាល និងគគីរចំនួន៣០០០ដើម នៅក្នុងសង្ឃមណ្ឌលបរិស្ថាននេះ ដើម្បីស្តារព្រៃឈើឡើងវិញ បន្ទាប់ពីការកាប់បំផ្លាញ និងការឆេះដោយភ្លើងព្រៃមួយអន្លើៗ ក្នុងគោលបំណងបម្រើឱ្យផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។ 
ព្រះគ្រូរតនមុនី អ៊ា សុផន ក៍បានមានសង្ឃដីការបិណ្ឌបាតដល់ញាតិញោម និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលស្រឡាញ់បរិស្ថានធម្មជាតិ សូមចូលរួមតាមសទ្ធា និងតាមលទ្ធភាព ជាកម្លាំងក្តី ជាកូនឈើក្តី ឬបច្ច័យ ដើម្បីធ្វើឲ្យសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័នខេត្តប៉ៃលិន មានដើមឈើប្រណិតចំនួន ១លានដើម ទុកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។ 
ចំណែកបងប្អូនពុទ្ធបរិស័ទ ដែលបានចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការ ដាំដើមឈើប្រណិតចំនួន ១លានដើម ជាមួយព្រះសង្ឃ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងការចូលរួម ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះ ហើយបានបន្តអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើនឡើង ដើម្បីឱ្យគម្រោង ដែលដឹកនាំដោយ ព្រះគ្រូរតនមុនី អ៊ា សុផន ព្រះមេគណខេត្ត ទទួលបានជោគជ័យ តាមផែនការគ្រោងទុកផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន





































