ភូមិអង្គ្រង ត្រូវបានផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិអង្គ្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមជម្រាបដែរថា ភូមិអង្គ្រងគឺជាភូមិទី៦៩ នៃស្រុកកំពង់ត្រាច ហើយក៏ជាភូមិចុងក្រោយដែលត្រូវបានធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងចំនួនភូមិទាំងអស់នៃស្រុកកំពង់ត្រាច ដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០០៣ គិត រហូតមកដល់ពេលនេះមានរយៈពេលជិត២០ឆ្នាំមកហើយ ។

ចំពោះការអាក់ខាន និងភាពយឺតយ៉ាវមិនបានអនុវត្តការងារក្នុងភូមិអង្គ្រងកន្លងមក គឺបណ្តាលមកពីភាពមិនច្បាស់លាស់ នៃការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពត និងខេត្តកែប ទើបកិច្ចការបានបន្សល់រហូតមកទល់បច្ចុប្បន្ននេះ។

គួរបញ្ជាក់បន្ថែមោងដែរថា បើតាមរបាយការណ៍ដែលផ្ដល់ដោយអាជ្ញាធរឃុំកំពង់ត្រាចខាងលិច បានឱ្យដឹងថា ភូមិអង្គ្រងមានប្រជាពលរដ្ឋប្រមាណ ១៥៩ គ្រួសារ បើគិតជាក្បាលដីប៉ាន់ស្មានមានប្រមាណ ១០០០ ក្បាលដី៕ សេង ណារិទ្ធ