ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាចលោក គង់ ធួន បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានជាប់បោះឆ្នោតជាមេឃុំ

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុលអភិបាលស្រុករមាសហែក នៅព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំកំពង់ត្រាច ស្រុករមាសហែកអាណត្តិទី៥ ដើម្បីឲ្យមេឃុំ ក្រុមប្រឹក្សាឃុំអនុវត្តតួនាទីភារកិច្ចឲ្យបានល្អ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងបម្រើប្រយោជន៍ទាំងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
លោក ស៊ូ ម៉ុល បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជា យើងបានដំណើរការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន៥ លើករួចមកហើយ។ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជា កាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។
លោក ស៊ូ ម៉ុល បានបញ្ជាក់ថា លោក លោកស្រីដែលទើបជាប់ឆ្នោតថ្មី និងលោក លោកស្រី ដែលបានជាប់ ឆ្នោតឡើងវិញ ជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈ ក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយកម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។
លោកអភិបាលស្រុករមាសហែកបានស្នើក្រុមប្រឹក្សាសង្កាត់បាវិតទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាម គោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខមួយចំនួនឲ្យ បានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។
លើសពីនេះ លោកសូមអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយ ក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាឃុំអាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារ ប្រាក់កាស និងឯកសារនានាក្នុងឱកាសនេះផងដែរ។
សូមបញ្ជាក់ថា សម្រាប់ឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀងមានចំនួន១១អាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៩អាសនៈ គណបក្សភ្លើងទៀនទទួលបាន២អាសនៈ ហើយលោក គង់ ធួនមកពីគណបក្សប្រជាជនកម្ពុជាទទួលតំណែងជាមេឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀងសំរាប់អាណត្តិទី៥នេះ៕គឹមសេង