គណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ប្រារព្ធខួប ៧១ឆ្នាំ ដើម្បីអបអរសាទរកំណើតបក្ស ក្រោមការចូលរួមពីសមាជិក សមាជិការបក្ស និងប្រជាពលរដ្ឋដ៏ច្រើនកុះករ

0

ខេត្តព្រះវិហារ៖ អង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ដែលបានធ្វើឡើងក្រោមវត្តមាន លោក ចាន់ នន់វិទ្យា អនុប្រធានក្រុមការងារគណបក្ស ថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះ​ជួយ​មូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អង្គមិទ្ទិញនេះ ក៏មានការចូលរួមពី លោក សំ លាងទ្រី សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានស្រុកសង្គមថ្មី, លោក ទែន សារុម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​ខេត្តព្រះវិហារ និងសមាជិក សមាជិកាបក្សឃុំ ស្រុក ខេត្ត ជាច្រើនរូបទៀត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក ចាន់ នន់វិទ្យា បានថ្លែង ដោយបានបង្ហាញ នូវក្តីសោមនស្សរីករាយក្រៃលែង ក្នុងពេលប្រារព្ធពិធីអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាប្រវត្តិ សាស្រ្តនាថ្ងៃនេះ។ លោកថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ច នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

លោក ចាន់ នន់វិទ្យា បានថ្លែងទៀតថា ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផេះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាន​គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។

លោក ចាន់ នន់វិទ្យា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ សំរាប់ឃុំទាំង ៥ របស់ ស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ មានគណបក្សនយោបាយចំនួន ៤ ដែលបានចូលរួម និងបានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។

លោក ចាន់ នន់វិទ្យា បានបញ្ជាក់ទៀតថា នៅក្នុងស្រុកសង្គមថ្មី មានប្រជាពលរដ្ឋ ៨៥ភាគរយ ដែលបានទៅចូលរួមបោះឆ្នោត នៅតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ ឱ្យបន្តដឹកនាំក្នុងមូលដ្ឋានឃុំរបស់ខ្លួន។

សូមជម្រាបថា នៅក្នុងឱកាសនោះផងដែរ អង្គមិទ្ទិញក៏មានការរៀបចំពិធី ពិសារអាហារសាមគ្គី និងការរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ ប្រកបដោយភាពស្និទស្នាលបំផុត៕ដោយ៖ឡុង សំបូរ