កំពង់ធំ ៖ បុរសរងគ្រោះបបួលកូនទៅឆក់ត្រីកូនមិនទៅ ព្រឹកឡើងកូនតាមរកប្រទះឃើញស្លាប់ក្នុងទឹកកាលពីព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចមាត់បឹងសំរិទ្ធ ក្នុងភូមិបឹងសំរិទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្ត កំពង់ធំ។
សពជនរងគ្រោះឈ្មោះ យុន ភី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកបារាយណ៍។
បើយោងតាមការឲ្យដឹងពីឈ្មោះ ទ្រី ពន្លឺ អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់សពបានបញ្ជាក់ថា: កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឪពុករបស់ខ្លួនបានបបួលរូបគេឲ្យទៅឆក់ត្រីជាមួយនឹងគាត់នៅតំបន់បឹងសំរឹទ្ធិចខាងលើ តែរូបគេឆ្លើយប្រាប់ទៅឪពុកគេវិញថាគេមិនចង់ទៅទេ ពេលនោះឪពុករបស់គេក៏បានយកឧបករណ៍ឆក់ត្រីដាក់ក្នុងកន្ត្រក និងស្ពាយអាគុយចេញបាត់មិនឃើញត្រឡប់មកវិញ រហូតដល់វេលាម៉ោង៤:០០នាទីភ្លឺ ថ្ងៃទី៥ ខែកក្ដដា ម្ដាយរបស់គេបានប្រើរូបគេអោយទៅតាមរកឪពុក ពីព្រោះគាត់ពុំឃើញត្រឡប់មកផ្ទះវិញ ភ្លាមនោះខ្លួនក៍បានជិះម៉ូតូទៅរកឪពុករបស់គេនៅតំទបន់ពោធិខឿនស្ថិតនៅក្នុងភូមិសាស្ត្រភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ចម្ងាយប្រហែលជា៤៥០ ម៉ែត្រខាងជើងឈាងខាងកើត (រមណីយដ្ឋានបឹងសំរឹទ្ធិ) ជាកន្លែងដែលគាត់ធ្លាប់ទៅឆក់ត្រីនៅទីនោះ ពេលទៅដល់រូបគេបានដើររកនិងស្រែកហៅឪពុកគេយ៉ាងយូរ និងបានបើកភ្លើងពិលដើររកទៀត ទើបប្រទះឃើញឪពុកអណ្ដែតទឹកផ្ងារពោះក្នុងចំណុចកើតហេតុ ពេលនោះគេក៏បានចុះទៅក្នុងទឹកទាញឧបករណ៍ឆក់ចេញពីខ្លួនឪពុករបស់គេ រួចលើក(សព) ដាក់នៅលើគោក។
ក្រោយទទួលព័ត៌មានកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក ក្រុមប្រឹក្សា គ្រូពេទ្យមណ្ឌលសុខភាព បានចុះពិនិត្យដល់កន្លែងកើតហេតុនិងសាកសព ពុំឃើញមានអ្វីគួរឲ្យគត់សម្គាល់ឡើយ សពមានស្នាមឆេះខ្លោចបាតដៃខាងឆ្វេង ប្រវែង៥សម តាមការពិនិត្យកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពស្លាប់ដោយសារឆក់នឹងឧបករណ៍ឆក់ត្រីបណ្ដាលស្លាប់ខ្លួនឯង ។
ក្រោយការពិនិត្យសពយើងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ដោយ ថុក សុខា





































