ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តវត្តសីលារង្សី (ហៅវត្តថ្កូវ) និងវត្តវិហារទន្ទឹម

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធមណ្ឌលវត្តចំនួន២ គឺវត្តសីលារង្សី (ហៅវត្តថ្កូវ) ស្ថិតក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងវត្តវិហារទន្ទឹម ស្ថិតក្នុងសង្កាត់សួង ក្រុងសួង។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងបុត្រ គឺជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអាវត្តនានា ជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល ៣ខែនេះ។

ពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនា ក្នុងនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ ជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ។

ការនាំយកទៀនព្រះវស្សា និងទេយ្យទានទាំងនេះ ក៏ដើម្បីប្រមូលនូវបុណ្យកុសលទាំងឡាយកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសជូនវិញ្ញាណក្ខន្ធ ដល់ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានធ្វើការសំណេះសំណាលសួរសុខទក្ខ ព្រមទាំងអំពាវនាវដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ បន្តរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាការពារសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទាំងវិស័យពុទ្ធចក្រ និងអណាចក្រ ពិសេសថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា ទោះត្រូវចំណាយតម្លៃណាក៏ដោយ ពោលគឺ ប្រសិនបើគ្មានសុខសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះដែរ ៕