ទំនាស់គ្នារឿងសុំបើកផ្លូវចំនួន៤ម៉ែត្រមិនព្រមរហូតឈានទៅដាក់ពាក្យបណ្តឹងនៅតុលាការ

ឧត្តរមានជ័យ ៖ ប្រជាពលរដ្ធរស់នៅក្បែររបងគ្នាមានទំនាស់បញ្ហារឿងសុំបើកផ្លូវចំនួន៤ម៉ែត្រហើយមិនព្រមព្រៀងគ្នារហូតឈានដល់ការដាក់ពាក្យបណ្តឹងទារសំណងជាទឹកប្រាក់១០០.០០០.០០០(មួយរយលាន)រៀលស្ថិតនៅត្រង់ចំណុចភូមិ សំរោង សង្កាត់សំរោង ខេត្តឧត្តរមានជ័យ។

លោកស្រីឈ្មោះ លី ងុិក ភេទស្រីអាយុ អាយុ៦០ឆ្នាំរស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោងមុខរបរលក់ដូរបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២២ថា មូលហេតុមុនពេលដែលគាត់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការទារសំណងពីឈ្មោះអ៊ូ លៀង ចំនួនទឹកប្រាក់មួយរយលានរៀលនិងឲ្យតុលាការជួយដោះស្រាយរឿងគាត់សុំឲ្យឈ្មោះអ៊ូ លៀង ប្តីឈ្មោះថ្លាន់ ហឿតរស់នៅក្បែរគ្នា សុំឲ្យជួយបើកផ្លូវចំនួន៤ម៉ែត្រជាដីរបស់រដ្ធដើម្បីងាយស្រួលចេញចូលព្រោះឈ្មោះអ៊ូ លៀងគាត់បានធ្វើរបងនិងបន្ទប់ទឹកបាំងជិតមិនមានផ្លូវចេញចេញចូលនោះទេសព្វថ្ងៃ។លោកស្រីបន្តថាបញ្ហារឿងសុំបើកផ្លូវនេះដែរពួកគាត់ទាំងសងខាងត្រូវបានសាលាក្រុងហៅទៅធ្វើការដោះស្រាយគ្នាចំនួនបីដងមកហើយដែរនិងក្រោយមកទៀតខាងតុលាការក៏ហៅពួកគាត់ទៅធ្វើការដោះស្រាយគ្នាចំនួន៣ដងទៀត តែខាងលោកស្រីអ៊ូ លៀងនៅតែមិនព្រមដោះស្រាយបើកផ្លូវឲ្យគាត់បានចេញចូលដដែល។

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២២ថា បញ្ហារឿងប្រជាពលរដ្ឋរស់នៅក្បែរគ្នាហើយបានសុំបើកផ្លូវ៤ម៉ែត្រនៅត្រង់ចំណុចខាងលើនេះពិតជាបានកើតមានឡើងពិតប្រាកដមែន តែកន្លងមកខាងក្រុងបានឲ្យអភិបាលរងក្រុងសំរោងទទួលបន្ទុកដំណោះជូនប្រជាពលរដ្ឋហើយធ្វើការសម្របសម្រួលបានចំនួន២លើរឿងដីរបស់រដ្ធដែលភាគីឈ្មោះ លី ងុិកបានស្នើរសុំឲ្យឈ្មោះអ៊ូ លៀងដើម្បី បើកផ្លូវ៤ម៉ែត្រតែគាត់នៅតែមិនព្រម។លោកអភិបាលក្រុងដដែលបន្តថាលុះក្រោយមកនៅលើកទី៣លោកបានហៅភាគីទាំងពីមកធ្វើការដោះស្រាយគ្នានៅសាលាក្រុងដោយលោកធ្វើការដោះស្រាយផ្ទាល់តែម្តង តែឈ្មោះអ៊ូ លៀងនៅតែមិនយល់ព្រមដដែល ហើយការដោះស្រាយគ្នាជាលើកទី៣ចុងក្រោយនេះលោកបានទុកពេលឲ្យចំនួន៣ថ្ងៃទៀតតែពួកគាត់នៅតែមិនព្រមទៀត ចឹងទេក្នុងនាមរដ្ធបាលក្រុងបើធ្វើការដោះស្រាយមិនចេញនោះទេមានតែលោកធ្វើរបាយការជូនទៅរដ្ធបាលខេត្តធ្វើការដោះស្រាយបន្ត។

បើតាមការបញ្ជាក់ពីលោកស្រី អ៊ូ លៀងនិងប្តីឈ្មោះថ្លាន់ហឿត បានប្រាប់ឲ្យដឹងថា ចំពោះដំណោះស្រាយរវាងរូបគាត់និងឈ្មោះលី ងុិក គឺខាងសាលាក្រុងហៅដោះស្រាយគ្នា៣ដងហើយតុលាការក៏ហៅ៣ដងដែរ មូលហេតុដែលលោកស្រីពុំយល់ព្រមបើកផ្លូវទៅឲ្យឈ្មោះ លី ងុិកដែលរស់នៅក្បែរគាត់នោះបានចេញចូលគឺរូបគាត់មិនយល់ព្រមជាដាច់ខាត ហើយមួយវិញទៀតបើរដ្ធត្រូវការបើកផ្លូវចំនួន៤ម៉ែត្រនោះវិញគឺគាត់យល់ព្រមម៉្យាងវិញទៀត បើបើកផ្លូវនោះគឺឲ្យអ្នកផ្សេងបើកទាំងអស់គ្នាបើឲ្យគាត់បើកផ្លូវម្នាក់ឯងវិញគឺគាត់ពុំសុខចិត្តនោះទេហើយដីគាត់រស់នៅសព្វថ្ងៃគឺតាំងពីឆ្នាំ១៩៨៥មកម្លេះហើយគាត់នៅតែសំណូមពរឲ្យអាជ្ញាជួយដោះស្រាយរឿងឈ្មោះលី ងុិកប្តឹងគាត់រឿងឲ្យបើកផ្លូវ៤ម៉ែត្រហើយឲ្យសងប្រាក់មួយរយលានរៀលក៏គាត់គ្មានលទ្ធភាពសងដែរ។

សូមបញ្ជាក់ថា បើយោងតាមសំណុំរឿងរដ្ធប្បវេណីលេខ:០៣១ចុះថ្ងៃទី៣០ខែមិនាឆ្នាំ២០២២របស់សាលាដំបូងខេត្តឧត្តរមានជ័យ សាលក្រមលេខ:០៨”គ”/៤៨ចុះថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់នៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២២វេលាម៉ោង០៩និង៣០នាទីព្រឹករបស់ចៅក្រមជំនុំជម្រះលោក វ៉េង ហ៊ត់ ចៅក្រមនៃសាលាដំបូងខេត្តឧត្តរមានជ័យនិងក្រឡាបញ្ជីសវនាការ លោកភីវ លាភហេង ក្រឡាបញ្ជីនៃសាលាដំបូងខេត្តឧត្តរមានជ័យ៕ដោយ:ចាន់ ធី