ខេត្តបាត់ដំបង ÷ មានប្រជាពលរដ្ឋជាច្រើននាក់ដែលជាកសិករដាំដំណាំពោត បានលើកគ្នាទៅតវ៉ាត្រង់ចំណុចគោលដៅឈរជើងរបស់ក្រុមជញ្ជីងចល័ត ដើម្បីអោយសម្របសម្រួល និងយោគយល់ដល់ប្រជាកសិករដែលកំពុងប្រមូលផលពោតចេញពីចម្កា ។
ការប្រមូលផ្តុំគ្នានៅទីតាំងជញ្ជីងចល័តនេះ គឺនៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ខណ:ដែលរថយន្តថៃកំពុងធ្វើសកម្មភាពសម្រុកដឹកចូលប្រទេសថៃដោយប្រើប្រាស់លើខ្នងផ្លូវលេខ៥៩កម្ពុជា ហើយការដឹកជញ្ជូនកសិផលខែរនេះ គឺរថយន្តថៃ ដឹកលើសទម្ងន់សឹងគ្រប់រថយន្ត។
ក្នុងការចុះអនវត្តរបស់មន្ត្រីជំនាញជញ្ជីងចល័តខាងលើបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជាម្ចាស់សៃឡូដែលទទួលទិញពោតស្តុបដើម្បីលក់បន្តឲ្យខាងថៃ ធ្វើឲ្យមានការកកស្ទះរថយន្តថៃជាច្រើនគ្រឿង ដោយខាងជំនាញជញ្ជីងចល័តតម្រូវចាប់យករថយន្តថៃណាដឹកលើសទម្ងន់យកទៅពិន័យនៅខេត្តបាត់ដំបង។
តែដោយឡែកសម្រាប់ប្រជាពលរដ្ឋ ឬម្ចាស់សាយឡូក៏មានការសម្រួលនិងស្នើសុំឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការពិន័យនៅនិងកន្លែងបានហើយ ព្រោះបើមិនដូច្នេះទេខាងភាគីថៃគេនិងមិនចូលមកទិញដំណាំកសិកម្មពោត ដំឡូង សណ្តែកនៅតាមព្រំដែនកម្ពុជាបន្តទៀតឡើយ។
ជុំវិញបញ្ហាដ៏ចម្រូងចម្រាស់នេះ យើងបានព្យាយាមទាក់ទងទៅមន្ត្រីជំនាញដែរ ដើម្បីចង់ដឹងពីគោលជំហរ និងការរឹតបន្តឹងច្បាប់ ប៉ុន្តែហើងទាក់ទងមិនបានឡើយ ៕ អត្ថបទ : ព្រាប.ស