ឯកឧត្តម សៅ សុភាព អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្ត ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ

កំពង់ធំ ÷ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្ត ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឡើងរាយការណ៍ពីការងារដែលបានអនុវត្តកន្លងមក ដើម្បីឆ្លើយតបទៅនឹងគោលដៅចំបងរួមាន ការអភិរក្ស និងពង្រឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការធានានូវបរិស្ថានល្អនៅតាមទីប្រជុំជន។ ការចូលរួម គ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍មូលដ្ឋាន ការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថានជូនសាធារណៈជនដើម្បីសម្រេច បាននូវគោលបំណងរួមគ្នាក្នុងការគ្រប់គ្រងបរិយាកាសបរិស្ថានជុំវិញខ្លួនយើងឱ្យបាន។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលអង្គប្រជុំឱ្យមានប្រសិទ្ឋភាពគឺ មន្ទីរបរិស្ថានចេះវិភាគអំពីបញ្ហាប្រឈម និង ដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដែលជាលទ្ធផលនៃកិច្ចពិក្សាពិគ្រោះយោបល់ដោយមានការចូលរួមពីក្រុម ការងារនៃមន្ទីរបរិស្ថាន និងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់។ ដោយផ្អែកបទពិសោធន៍ ដែលក្រុមការងារទទួលបានពីការអនុវត្តជាក់ស្តែងកន្លងមក ហើយយកមកប្រើប្រាស់ជាព័ត៌មានក្នុងមូលដ្ឋាន ការអនុវត្តផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធិភាព ជាមួយនឹងការបំពាក់គ្រប់គ្រាន់នូវបរិក្ខាគ្រប់គ្រាន់ ។

ប្រសាសន៍ចុងក្រោយរបស់ឯកឧត្តម និងផ្តាំផ្ញើដល់អង្គប្រជុំមានដូចជា ដើម្បីរក្សាសមិទ្ធិផលដែលបានសម្រេច ព្រមទាំងការបង្កើនគុណភាព និងបរិមាណសមិទ្ធិផល នាពេលអនាគត។ រៀបចំទិសដៅបន្តសម្រាប់ឆ្នាំឆមាសទី២ ឆ្នាំ២០២២ សម្រាប់ការិយាល័យនីមួយៗ ដើម្បីងាយស្រួលក្នុងការអនុវត្ត តាមដាន គាំទ្រ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការ។ នេះហើយគឺជាការងារដ៏មានតម្លៃ និងមោទនភាពដែលមន្ទីរបរិស្ថានខេត្តកំពង់ធំ បានអនុវត្តជាប្រព័ន្ធជាមួយនឹងការរៀបចំ និងចាត់ចែងទុកជាមុន ដើម្បីបង្ការ និងទប់ស្កាត់ហានិយភាពដែលកើត ឡើងដោយចៃដន្យក្នុងពេលអនុវត្តផែនការ។ ពិសេសសូមយកចិត្តទុក្ខដាក់ទៅលើការប្រើប្រាស់សំរាមជាបញ្ហាធំបំផុត ការដឹកជញ្ជូនមានការយឺតយ៉ាវ ដែលបងប្អូនប្រជាពលរដ្ឋកំពុងតែព្រួយបារម្ភ ហើយប៉ះពាល់ដល់សុខភាពនៅក្នុងមូលដ្ឋាន។