កំពង់ធំ ÷ លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីប្រកាសសុពលភាព មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំអាណត្តិទី៥ របស់ឃុំព្រៃគុយ ដែលប្រព្រឹត្តទៅសាលាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
ជាមួយនេះលោក ជឿន សុខុន មេឃុំព្រៃគុយត្រូវបានប្រកាសជាមេឃុំ ឡើងរាយកាណ៍ពីផែនការអភិវឌ្ឍរយៈ៥ឆ្នាំ និងបានប្តេជ្ញាចិត្តគឺ ពង្រឹងពង្រីកសមិទ្ធផលការងារថ្មីៗបន្ថែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ការជឿទុកចិត្ត និងឆាប់រហ័ស សមភាពយេនឌ័រ។ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅក្នុងមូលដ្ឋាន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកស្រីបានជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាពនិងឆាប់រហ័ស។ លោកស្រីក៏បានបន្ថែមថា រដ្ឋបាលឃុំត្រូវបង្កើតបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ការអនុវត្តការងារ ប្រកបដោយគណនេយ្យភាព ព្រមទាំងមានឥរិយាបទសមរម្យ មិនរើសអើងនិន្នាការនយោបាយ ត្រូវធ្វើអ្វីៗទៅតាមការណែនាំនិងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដែលរាជរដ្ឋាភិបាលបានដាក់ជូន ជាពិសេស គឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំងមូល។
លើសពីនេះលោកស្រី អភិបាលរងស្រុក បានសង្កត់ធ្ងន់ថា សាមគ្គីភាពផ្ទៃក្នុងនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងនាមយើងមានឈាមជ័រខ្មែរតែមួយ ត្រូវសហកាគ្នា ដើម្បីបន្តកិច្ចការដែលរដ្ឋបាលឃុំចាស់ដែលនៅសេសសល់ហើយត្រូវនាំគ្នាបន្តអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរឡើង។
ប្រសាសន៍ជាចុងក្រោយរបស់ លោកស្រី អភិបាលរងស្រុក បានជំរុញដល់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំសាមគ្គី សហការធ្វើការជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំសង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ មេត្តាយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខ។







































