អភិបាលរងខេត្តសៀមរាប ណែនាំដល់ ចៅសង្កាត់ ចៅសង្កាត់រង ដែលទើបជាប់ឆ្នោតត្រូវបង្កើនការអភិវឌ្ឍន៍មូលដ្ឋានខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីយក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សា អាណត្តិទី៥ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងក្រុង អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ លោក ពិន ប្រាកដ បានស្នើក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម សម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

លោកបញ្ជាក់ថា លោកលោកស្រីដែលទើបបានជាប់ឆ្នោតថ្មី ជាសមាជិកក្រុមប្រឹក្សាឃុំក្នុងអាណត្ដិទី៥នេះ គឺកើតចេញពីឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ ដូច្នេះអស់លោកទំាងអស់ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវ តាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខមួយចំនួនឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។ លើសពីនេះទៀត ក្រុមប្រឹក្សាសង្កាត់អាណត្ដិចាស់ពិតជាមានឆន្ទៈ ប្រកបដោយភាពសប្បាយរីករាយ ក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្ដិទី៥ តាមរយៈការប្រគល់ទទួលត្រា បញ្ជីសម្ភារៈ ប្រាក់កាស និងឯកសារនានានៅមុននេះបន្ដិច។

ក្នុងនោះដែលលោកបាននប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី មកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ក្រុមប្រឹក្សាឃុំថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕