តូបលក់ចាប់ហួយមួយកន្លែងនៅលើទំនប់បារាំងត្រូវបានអគ្គីភ័យឆាបឆេះដោយសារម្ចាស់តូបមិនមានការប្រុងប្រយ័ត្នខណៈពេលដាំបាយចង្ក្រានហ្គាសនៅក្បែរដបសាំង នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ តូបលក់សាំង មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 10 និង 30នាទីព្រឹកថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 នៅលើទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អគ្គីភ័យកើតឡើងនេះគឺ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់តូបលក់ដូរ។ ទោះយ៉ាងណាម្ចាស់តូបគ្រាន់តែរងរបួស ដោយសាររលាកភ្លើងស្រាលនិងខូចខាតសម្ភារៈប្រហែល 4 លានរៀល។

ស្រ្តីឈ្មោះ បៀន ស្រីភាស់ អាយុ 28 ឆ្នាំ ជាម្ចាស់តូបលក់ដូរបានរាយការណ៍ប្រាប់សមត្ថកិច្ច ថាគាត់មានទីលំនៅភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប៉ុន្តែបានមកប្រកបមុខរបរលក់ដូរនៅលើទំនប់បារាំង ដូចជា លក់សាំង លក់ស្រាបៀរ និងភេសជ្ជៈ ជាដើម ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគាត់កំពុងតែ ផ្ទេរសាំងចេញពីពិដុង ចូលទៅក្នុងដបស្របពេលជាមួយគ្នានោះ ប្អូនស្រីគាត់បានដាក់ដាំបាយចង្ក្រានហ្គាស នៅក្នុងតូបដែលមានចម្ងាយប្រមាណ 3 ម៉ែត្រពីគ្នាក៏ស្រាប់តែ ឆាបមកសាំងគាត់ដែលកំពុងចាក់ បណ្ដាលឲ្យផ្ទុះឆេះតែម្ដង ។ភ្លាមៗនោះគាត់ បានស្រែកហៅ ឲ្យគេជួយនិងនាំគ្នារត់ចេញពីតូប និងបានបណ្ដាលឱ្យឆេះសម្ភារៈលក់ដូរ តែម្ដង ។

ចំពោះសម្ភារៈខូចខាតមានដូចជា ឆេះស្រាបៀរអស់៤កេស ភេសជ្ជៈ៣កេស ធុងហ្គាស 12 គីឡូក្រាម ១ លុយ 1លានរៀលដែលសរុបជាទឹកប្រាក់ទាំងធុងទឹកកកនិងសម្ភារៈផងប្រមាណ4លាន់រៀល ។

សមត្ថកិច្ចក្រោយពីពិនិត្យនិង បានសន្និដ្ឋានថាម្ចាស់តូបលក់ដូរខាងលើមានការធ្វេសប្រហែសដែលផ្ទេរសាំង
ចូលដបហើយមានអ្នកបើកហ្កាស់ដាំបាយ នៅក្បែរនោះ មិនបានប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យ ឆាបឆេះបែបនេះតែម្ដង៕សុខ គឹមសៀន