អភិបាលខេត្តកំពង់ចាម អំពាវនាវ សូមឲ្យមានការយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើនបន្ថែមទៀត

កំពង់ចាម : ក្នុងឱកាស ប្រារព្ធ ពិធី រុក្ខទិវា ៩ កក្កដា នៅវត្តបភាវត្យារាមគគរ ស្ថិត ក្នុង ឃុំគគរ ស្រុកកំពង់សៀម នាព្រឹក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់ ព្រះមន្ត្រីសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ ស្ថាន សិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើន បន្ថែម ទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ពោល គឺ ត្រូវដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើ ដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន ផងដែរ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អង្គការជាតិ-អន្តរ ជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ឲ្យបន្តកិច្ចសហប្រតិ បត្តិ ការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ពីព្រោះថាដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ ។ ចំពោះ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ។ នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តថែមទៀតផង ។

បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ គឺបានកំណត់យកទីតាំង នៅក្នុងបរិវេណ វត្តបភាវត្យារាមគគរ ស្ថិត ក្នុង ឃុំគគរ ស្រុកកំពង់សៀម ដែលបានជ្រើសរើសយកប្រភេទឈើល្អៗមានតម្លៃ សម្រាប់ ធ្វើការ ដាំដុះ សរុបចំនួន ១.៣០០ដើម ក្នុងនោះជាប្រភេទ កូនក្រញូង បេង ធ្នង់ ឈើទាល និងកូនក្ងោក ។ ក្រៅពីនោះ ក៏មានកូនឈើសម្រាប់ចែកចាយ ទៅដល់មន្ទីរ អង្គភាព សាលារៀន ប្រជាពលរដ្ឋ ចំនួន ១.០០០ដើម ដើម្បី យកទៅដាំដុះ ផងដែរ ៕