ប្រជាពលរដ្ឋ រារាំងទាំងយប់មិនអោយក្រុមជញ្ជីងចល័តនាំយករថយន្តថៃដែលដឹកពោតលើសទម្ងន់មកអនុវត្តតាមច្បាប់

0

ខេត្តបាត់ដំបង ÷ មានប្រជាពលរដ្ឋរាប់រយរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទាំងយប់ ដើម្បីរារាំងមិនអោយក្រុមការងារជញ្ជីងចល័ត នាំយករថយន្តថៃដែលចូលមកដឹកកសិផលខ្មែរលើសទម្ងន់ មកកាន់មន្ទីរជំនាញដើម្បីអនុវត្តតាមនីតិវិធីឡើយ បើទោះបីជាដឹងថា រថយន្តថៃទាំងនោះល្មើសនឹងផ្លូវច្បាប់យ៉ាងណាក៏ដោយ ។

ការលើកគ្នាមកធ្វើការរារាំងនេះ គឺចាប់តាំងពីល្ងាច រហូតដល់ម៉ោងជាង៩យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺលើកំណាត់ផ្លូវតាមបណ្តោយព្រំដែនថៃ ចេញពីច្រកកាប៊ីន។

ដោយនៅម៉ោងនោះ ប្រជាពលរដ្ឋនៅតែបន្តឡោមព័ទ្ធ និងមិនអោយក្រុមមន្រ្តីជញ្ជីងចល័តយកឡានថៃ ដែលដឹកលើសទម្ងន់ចេញពីទីតាំងឃាត់នោះឡើយ បើទោះបីព្រះរាជអាជ្ញាដឹកនាំកម្លាំងសមត្ថកិច្ច មានមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ជាច្រើននាក់ទៅជួយអន្តរាគមន៍ក៏ដោយ។ ដោយប្រជាពលរដ្ឋនិងម្ចាស់សាយឡូ នាំគ្នាលើកឡើងថា មួយឆ្នាំមានតែម្តងក្នុងការប្រមូលកសិផលទាំងនេះចេញពីចម្ការ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៩ ក្នុងស្រុកសំពៅលូន ក៏មានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ាម្តងរួចមកហើយ ខណ:ដែលរថយន្តថៃកំពុងធ្វើសកម្មភាពសម្រុកដឹកចូលប្រទេសថៃដោយប្រើប្រាស់លើខ្នងផ្លូវលេខ៥៩កម្ពុជា ហើយការដឹកជញ្ជូនកសិផលខែ្មរនេះ គឺរថយន្តថៃ ដឹកលើសទម្ងន់សឹងគ្រប់រថយន្ត ហើយត្រូវបានក្រុមជញ្ជីងចល័តឃាត់បានជាច្រើនគ្រឿង ដើម្បីនាំយកមកកាន់មន្ទីរសាធារណការ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ព្រោះវាអាចបង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវក្រវ៉ាត់ព្រំដែនផង។

ដោយឡែកការទាមទារបស់ប្រជាពលរដ្ឋ ឬ ម្ចាស់ សាយឡូ នៅពេលនោះគឺស្នើសុំឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការពិន័យនៅនិងកន្លែងបានហើយ ដោយមិនចាំបាច់នាំយករថយន្តថៃមកកាន់ខេត្តឡើយ ព្រោះបើមិនដូច្នេះទេខាងភាគីថៃគេនិងមិនចូលមកទិញដំណាំកសិកម្មពោត ដំឡូង សណ្តែកនៅតាមព្រំដែនកម្ពុជាបន្តទៀតឡើយ។

លោកព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ ខេត្តបានបញ្ជាក់ថា ភាពតានតឹងកាលពីយប់មុិញនេះ គឺដោយសារតែមន្ត្រីជញ្ជីងចល័តបានឃាត់រថយន្រថៃដែលដឹកលើសទម្ងន់រហូតដល់៧០តោន ហើយកម្លាំងបានបញ្ជាអោយរថយន្តនោះចូលទៅចាក់ពោតក្នុងសាយឡូវិញ ដើម្បីអូសក្បាលឡានយកមកខេត្ត ។

លោកបានបន្តថា នៅពេលនោះដែរប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីជំនាញដោយសុំដឹកដល់កម្រិត ៥០ តោន ដែលជាធម្មតាកម្រិតស្តង់ដារត្រឹមតែ៤០តោនប៉ុណ្ណោះ ។ នៅពេលនោះដែរក្រុមការងារក៏បានប្រាប់ពួកគាត់អោយធ្វើលិខិតស្នាមនិងផ្តិតមេដៃមកដើម្បីក្រុមការងារបញ្ជូនសំណូមពរនេះឆ្លងទៅក្រសួង។

នៅពេលនោះដែរពេលដែលកម្លាំងជំនាញត្រៀមនាំយករថយន្តដែលល្មើសចេញមកក៏ស្រាប់តែមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមករារាំងម្តងទៀត ដោយមិនអោយយករយន្តថៃនោះចេញពីក្នុងសាយឡូឡើយព្រមទំងបានលួចចាក់ទម្លាយកង់រថយន្តថែមទៀតផង ។

នៅក្នុងហេតុការណ៍នេះដែរ មានប្រភពមួយចំនួនបានអះអាងថា អាចមានមន្ត្រីយោធាម្នាក់ឈ្មោះ រោង សារីម នៅពីក្រោយខ្នងនៃការបើកដៃអោយដឹកលើសទម្ងន់ និងហាកដូចជាមានផែនការរួចជាស្រេចដើម្បីបង្កើតចលនានេះ ព្រោះនៅពេលនោះគេសង្គេតឃើញមន្ត្រីយោធារូបនេះបានត្រៀមបាយកញ្ចប់ និងទឹកសុទ្ធសម្រាប់ក្រុមប្រឆាំងនេះផងដែរ។

ប៉ុន្តែទោះបីជាកាលពីយប់មានសភាពតានតឹង ហើយកម្លាំងបានដកថយនៅប្រមាណជាជិតពាក់កណ្តាលអាធ្រាត្រក៏ដោយ ក៏លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ព្រឹកនេះលោកនឹងបន្តនីតិវិធីដោយប្រើច្បាប់ជាធរមាន ៕ អត្ថបទ : ព្រាប.ស