សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានមានថេរដីកាថា អាសាឡ្ហ ជាឈ្មោះខែទី៨នៃចន្ទគតិ ដែលហៅថាខែអាសាឍ ឬ អាសាឡ្

សៀមរាប ៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានមានថេរដីកាថា អាសាឡ្ហ ជាឈ្មោះខែទី៨នៃចន្ទគតិ ដែលហៅថាខែអាសាឍ ឬ អាសាឡ្ហ ហើយចំណែកឯពាក្យបូជា មានន័យថា ការថ្វាយ ការគោរពប្រតិបត្តិ ឬគោរពជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល ការស្ដាប់ឱវាទ ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព ដែលជារួម អាសាឡ្ហបូជាមានន័យថា ការគោរព ការរំលឹកនូវសេចក្តីអ្វីមួយ ខ្លឹមសារអ្វីមួយនៅក្នុងខែអាសាឍ ។ ពិធីបុណ្យអាសាឡ្ហបូជា ដែលនឹងប្រារព្ធឡើងនេះគឺ ដើម្បីរំលឹកនឹកដល់ថ្ងៃខួបនៃការចុះចាប់បដិសន្ធិ និង ខួបការចេញបួស ជាខួបថ្ងៃសម្តែងបឋមទេសនា និងកំណើតព្រះសង្ឃ ព្រមទាំងសម្តែងយមកប្បាដិហារ្យ ។ ព្រឹត្តិការណ៍ប្រកបដោយអភិលក្ខិតសម័យទាំង៥នេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែអាសាឍ ខុសគ្នាតែឆ្នាំតែប៉ុណ្ណោះ។ បុណ្យអាសាឡ្ហបូជា គឺជាថ្ងៃដែល ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ បានកើតគ្រប់ជាចំនួន៣ ដែលនឹងអាចហៅថា ជាថ្ងៃកំណើតត្រៃសរណៈគឺជាទីពឹង៣ប្រការរបស់ពុទ្ធសាសនិលជនគ្រប់រូបផងដែរ ។ ក្នុងការប្រតិបត្តិតាមផ្លូវ អរិយសច្ចៈ ក៏ដូចអដ្ឋង្គិកមគ្គទាំង៨នេះគឺវាបានផ្តល់អត្ថប្រយោជន៍ដល់ជីវភាពយើងខ្លាំងណាស់ ព្រោះថា ជីវិតរបស់យើងត្រូវតែប្រកាន់ខ្ជាប់នូវផ្លូវដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានត្រាស់មក ហើយប្រាប់យើង ។ កាលណាយើងអនុវត្តតាមព្រះសម្មាសម្ពុទ្ធទៅ នឹងធ្វើឲ្យយើងមានការរីកចម្រើន ក៏ដូចជារស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ ហើយមួយវិញទៀតក៏ធ្វើឱ្យយើងមានប្រាជ្ញាស្មារតីក្នុងការដោះស្រាយអ្វីមួយដោយសន្តិវិធី និងគ្មានការប្រើប្រាស់អំពើហិង្សាផងដែរ ។ សម្តេចព្រះមហាអរិយវង្ស បានមានថេរដីកាបន្តថា ការរៀបចំនេះ គឺក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីអត្ថន័យពិត និងទស្សនវិជ្ជាអប់រំអំពីពិធីបុណ្យអាសាឡ្ហបូជា ស្របនឹងការធ្វើបុណ្យផ្កាប្រាក់សាមគ្គី ក្នុងការគៀងគរប្រមូលបច្ច័យយកមកកសាងសមទ្ធិផលក្នុងទីវត្តប្រាសាទគោកចកនេះផងដែរ ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប