កោះកុង ៖ អភិបាលរងខេត្តកោះកុង ដែលអមដំណើរដោយមន្ត្រីជុំវិញខេត្ត ក្នុងដំណើរចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងស្រុកថ្មបាំង ខណៈរដូវបុណ្យភ្ជំបិណ្ឌ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ត្រូវបានក្រុមសហគមន៍ការពារព្រៃឈើនៅតំបន់អារ៉ែង ដែលមានការចូលរួមពីប្រធានអង្គការមាតាធម្មជាតិផង បានលើកគ្នាបិទផ្លូវ មិនឲ្យគណៈប្រតិឆ្លងកាត់ ដែលធ្វើឲ្យមានភាពចម្រូងចម្រាស់។
តាមប្រភពដែលស្និទ្ធឲ្យដឹងថា គណៈប្រតិភូសាលាខេត្តកោះកុង ដែលដឹកនាំដោយលោក ផុន លិវីរៈ អភិបាលរងខេត្ត ត្រូវបានក្រុមអភិរក្សព្រៃឈើនៅក្នុងតំបន់អារ៉ែង ដឹកនាំដោយឈ្មោះ អាឡេក ប្រធានអង្គការមាតាធម្មជាតិ បានយករថយន្តមកបិទផ្លូវមិនឲ្យគណៈប្រតិភូឆ្លងកាត់ ដោយពួកគេបារម្ភខ្លាចគណៈប្រតិភូរបស់ខេត្ត ដឹកនាំក្រុមហ៊ុនចិន ដែលមានគំរោងធើ្វវារីអគ្គីសនីចូលទៅកាន់តំបន់នោះ។
លោក ផុន លីវិរៈ អភិបាលរងខេត្តកោះកុងបានឲ្យដឹងថា រហូតមកដល់ម៉ោងជិតពីររសៀល ក្រុមអ្នកបិទផ្លូវនៅតែបន្តការបិទផ្លូវនៅឡើយ ទោះបីជាមានការជួបចរចារគ្នារវាងមន្រី្តអាជ្ញាធរនៅក្នុងតំបន់ជាមួយតំណាងអ្នកតវ៉ាបិទផ្លូវក៏ដោយ។ លោក អ៊ិន គង់ជិត មន្រី្តសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុង សុំមិនធើ្វអត្ថាធិប្បាយ ចំពោះបញ្ហានេះឡើយ ដោយលោកបានបញ្ជាក់ថា ខាងអង្គការលោកកំពុងឃ្លាំមើលរឿងនេះនៅឡើយ៕ Jhon ny