កំពង់ធំ ÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យប្រាក់សាមគ្គីនឹងពិធីសំណេះសំណាល សួរសុខទុក្ខដល់លោកគ្រូអ្នកគ្រូគណៈកម្មការទ្រទ្រង់សាលារៀន និងសិស្សានុសិស្សនៅក្នុងវិទ្យាល័យស្ទឹងសែន ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន បានឡើងធ្វើរបាយការណ៍ពីលទ្ធផល របស់វិទ្យាល័យ ស្ទឹងសែន មានអគារ០៥ខ្នង បន្ទប់សម្រាប់បង្រៀន២៦បន្ទប់ ដកធ្វើទីចាត់ការ០១បន្ទប់ បណ្ណាល័យ០១បន្ទប់ យុវជន១បន្ទប់ នៅសល់សម្រាប់សិស្សរៀន២៣បន្ទប់។ ចំណែកសិស្សមាន៣៥ថ្នាក់បុគ្គលិកចំនួន៦៩នាក់ ស្រី៣១នាក់ សិស្សមធ្យមសិក្សាបឋមភូមិសរុប៩៤៨នាក់ ស្រី៥៣០នាក់ សិស្សមធ្យមសិក្សាទុតិយភូមិភូមិសរុន៦២៤នាក់ ស្រី៣៥៥នាក់
សរុបរួម ១៤៤៨ នាក់សី ៨០៩ នាក់។ បញ្ហាប្រឈមនៅក្នុងវិទ្យាល័យស្ទឹងសែន÷ ខ្វះអគារសិក្សា បង្គន់អនាម័យ ខ្វះរបងសាលា-ខ្វះទីចាត់ការ។ ចំនួនថ្នាក់៣៥ ក្នុងនោះ បន្ទប់រៀនមានតែ២៣ប៉ុណ្ណោះ។ ខ្វះប្រព័ន្ធលូរំដោះទឹកចេញពីសាលា (លិចកូនឈើ និង ដំណាំ…)។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា វិទ្យាល័យស្ទឹងសែនមានគម្រោងធ្វើក្លោងទ្វារថ្មី តម្លៃ(៩៥០០ដុល្លារ) ដើម្បីបង្កើនសោភ័ណ្ឌភាពសាលារៀន កំពុងតែគ្រោងកសាងឱ្យបានឆាប់ពេលខាងមុខនេះ។ ម្យ៉ាងវិញទៀត ក្លោងទ្វារចាស់ដែលកសាងតាំងពីឆ្នាំ១៩៩៦ ចាស់ទ្រុឌទ្រោមបាក់ធ្លាក់ក្បឿងខ្លាចគ្រោះថ្នាក់ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។ ដោយមានការយកចិត្តទុកដាក់ ពីលោកនាយកសាលាគណៈកម្មការទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានអំពាវនាវដល់សប្បុរសជន អង្គការដៃគូ ក្នុងនិងក្រៅប្រទេស ដើម្បីយកថវិកា និងសម្ភារៈមកកសាងក្លោងទ្វារថ្មីនេះ ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ប្រសាសន៍ចុងក្រោយរបស់ឯកឧត្តម ញឹក បានខេង សូមរៀបចំឲ្យបាននៅក្លោងទ្វារថ្មីនេះ ដែលជាសមិទ្ធផលមួយសម្រាប់សាលារៀន ក្នុងបង្កើតឲ្យមានបរិស្ថានល្អក្នុងការទាក់ទាញសិស្សឲ្យមកចូលរៀនឲ្យបានគ្រប់ៗគ្នា។ បង្កើតបាននូវសមទ្ធិផលបន្តទៀត ពីព្រោះសាលារៀនជាថ្នាលបណ្ដុះបណ្ដាលដល់ធនធានមនុស្ស ពីជំនាន់មួយទៅជំនាន់មួយ ដើម្បីឱ្យវិស័យអប់រំទទួលបាននូវលទ្ធផលល្អប្រសើរ។
គួរបញ្ជាក់ផងដែរថា សម្រាប់វិទ្យាល័យស្ទឹងសែន មានពិធីរាប់បាត្រព្រះសង្ឃចំនួន៣៣អង្គ និងអំពាវនាវដល់ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី និងអាណាព្យាបាលសិស្សទាំងអស់ សូមមេត្តាចូលរួមឧបត្ថម្ភជាថវិកាតិចក្តី ច្រើនក្តីតាមកម្លាំងសទ្ធាជ្រះថ្លា និងដោយទឹកចិត្តសប្បុរសធម៌ខ្ពង់ខ្ពស់បំផុត។យើងខ្ញុំមានជំនឿនិងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមលោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី និងអាណាព្យាបាលសិស្សទាំងអស់ពិតជាបានចូលរួមនិងឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់យើងខ្ញុំជាមិនខាន។ សូមគោរពជូនពរ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី និងអាណាព្យាបាលសិស្សទាំង អស់ឲ្យជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។







































