ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ បាន ថ្លែង អំណរគុណ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោជាង ៣០០នាក់ ដែលបានពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ប្រមាណ ជា ២៦០០នាក់ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាកោះថ្ម និងសារមន្ទីរតេជោកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកមេមត់ ដែលជាការងារមនុស្សធម៍សង្គ្រោះជីវិតជូនប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ម្យ៉ាងទៀត ប្រជាជនកម្ពុជាពិតជា មានសំណាងដោយមានប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ដែលធ្វើឱ្យស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ន មានសភាពធូរស្រាលជាងប្រទេសដទៃទៀត។
ជាមួយគ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសំណូមពរឱ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA អាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតដែលបានរៀបចំការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រូពេទ្យសរុបចំនូន៣០០នាក់ ព្យាបាលទៅលើប្រភេទជំងឺទូទៅមានដូចជា : (មាត់ធ្មេញ ជំងឺស្ត្រី ផ្ទៃពោះ ភ្នែក វះកាត់តូច គឺវះកាត់នៅនឹងកន្លែង) ក្នុងនោះក្នុងពេល១ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម TYDA ព្យាបាលប្រជាពលរដ្ឋសរុបចំនួន២៦១១ករណី ដែលការព្យាបាលនិងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕








































