ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រកាន់ជំហររួមសុខរួមទុក្ខចាត់ទុកគ្រួសារអតីតយុទ្ធជនជាគ្រួសារតែមួយ

0

កំពង់ធំ៖ បន្ទាប់ពីបានទទួលដំណឹងថា បងប្អូនគ្រួសារអតីតយុទ្ធជន ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច កំពុងតែទទួលរងនូវការគំរាមគំហែងពីជំនន់ទឹកភ្លៀង មកលើលំនៅឋានរបស់បងប្អូនអតីតយុទ្ធជន ព្រលឹមស្រាងៗ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារជាបន្ទាន់ ដើម្បីចុះពិនិត្យស្ថានភាពទឹកជំនន់ និងចាត់វីធានការដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ក្រោយពីមានភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាច្រើនថ្ងៃ បណ្តាលឲ្យលំនៅឋានរបស់អតីតយុទ្ធជន ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ច  ដែលមានទីតាំងភូមិដងក្តា ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលរងនូវជំនន់ទឹកភ្លៀងជនលិច បង្ករឲ្យខូចខាតដំណាំបន្លែបង្ការមួយចំនួន លូទឹកត្រូវបានទឹកជន់លិច ធ្វើឲ្យប៉ះពាល់ដល់ខ្នងផ្ទះគ្រួសារអតីតយុទ្ឋជនជនចំនួន 35 ខ្នងផ្ទះ ក្នុងចំណោម១៤១គ្រួសារ ។

និងបានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវដឹងពីសុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន ដោយចាត់ទុកជាគ្រួសារអតីតយុទ្ធជនជាគ្រួសារតែមួយ ជួយគ្នានៅពេលមានអាសន្ន និងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញធនធានទឹក ដើម្បីរកវិធីដោះស្រាយរំដោះទឹកចេញឲ្យបានលឿនចេញពីក្នុងភូមិឋានរបស់អតីតយុទ្ធជន ដើម្បីជៀសវាងមានផលប៉ះ ពាល់ដល់ផលដំណាំនិងជីវភាពរស់នៅប្រចាំថ្ងៃ  និងបាននាំយកស្បៀងអាហារ និងគ្រឿងឧបភោបរិភោគ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូននៅតាមខ្នងផ្ទះ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម មីជាតិមួយកេស ទឹកត្រីមួយយួរ និងត្រីខកំប៉ុងមួយយួរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជន ទាំងអស់ ថែរក្សាសុខភាព ពិសារអាហារមានអនាម័យ ក្នុងពេលមានទឹកជំនន់ អាចនិងកើតជម្ងឺរាករូស សត្វអសេពិសខាំបាន និងយកចិត្តទុកដាក់បំផុតចំពោះអាយុជីវិតមនុស្សចាស់ និងក្មេងៗ រួមទាំងសត្វពាហនៈទាំងឡាយកុំឲ្យមានការបាត់បង់និងខូចខាត ក្នុងនោះក៏បានសំណូមពរឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ទៅទទួលសេវាចាក់វ៉ាក់សាំង ប្រឆាំងនិងឆ្លងជម្ងឺកូវិដ១៩ ដើម្បីចៀសឲ្យផុតពីជម្ងឺកាចសាហាវនេះ និងសូមចងចាំថា មេរោគជម្ងឺកូវិដ១៩ យើងអាចភ្លេចវាបាន តែមេរោគដ៏សាហាវនេះមិនដែលភ្លេចយើងនោះទេ ។

ដោយ ប៊ុន រដ្ឋា