ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយនីតិវិធីនៃការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ

0

ត្បូងឃ្មុំ​: នៅសាលាខេត្តត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ​ បាន​បេីក​កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ​ ក្រោម​វត្តមាន​ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត​ត្បូងឃ្មុំ​ ។

ថ្លែងក្នុង​កិច្ច​ប្រជុំ​នោះ​ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើកឡើងថា បន្ទាប់ពីការធ្វើបទបង្ហាញសេចក្ដីព្រាងសេចក្ដីណែនាំទាំងនេះ គឺបានផ្តល់នូវធាតុចូល ក្នុងការអនុវត្ត និង ដើម្បីរៀបចំបំពេញបន្ថែម ចំពោះនីតិវិធីទាំងនេះ នូវប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ថ្មីជាប្រព័ន្ធមានលក្ខណៈអនឡាញ ដែលគាំទ្រដល់ការគ្រប់គ្រងមន្ត្រីរាជការនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ថិសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីរាជការ ពង្រឹងសមត្ថភាពស្ថាប័នក្នុងរដ្ឋបាលសាធារណៈ និងជួយគាំទ្រការរៀបចំកម្មវិធីជាតិនានាក្នុងវិស័យសាធារណៈ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាថ្មី និងមជ្ឈមណ្ឌលទិន្នន័យថ្មីដែលលក្ខណៈស្តង់ដារ និងបានបញ្ចប់នូវម៉ូឌុលសំខាន់ៗចំនួនពីរ ការគ្រប់គ្រងទិន្នន័យសលាកប័ត្រព័ត៌មានមន្ត្រីរាជការ និងតារាងទូទាត់បៀវត្ស។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ដើម្បីគ្រប់គ្រងមន្ត្រីរាជការ ចាប់តាំងពីការជ្រើសរើសមន្ត្រីរាជការ ការវិវត្តអាជីពរបស់មន្ត្រីរាជការ រួមមានការតែងតាំង ការវាយតម្លៃ ការអនុវត្តការងារ ការពង្រាយមន្ត្រី ការពិពណ៌នាមុខតំណែង ការបណ្តុះបណ្តាល ការវិភាគមុខងារ និងការរៀបចំបៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ រហូតដល់ការចូលនិវត្តន៍។

ឯកឧត្តម ថោ សេដ្ឋាណា បានបញ្ជាក់ទៀតថា ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ នេះ បានផ្តល់ភាពច្បាស់លាស់ ភាពងាយស្រួលក្នុងការរៀបចំរបាយការណ៌ និងស្ថិតិមន្ត្រីរាជការ អាចទាញទិន្នន័យមន្ត្រីរាជការ ស្ថិតិ និងរបាយការណ៍ផ្សេងៗ របស់សាមីក្រសួង- ស្ថាប័ន មកប្រើប្រាស់បានគ្រប់ពេលវេលាជាពិសេសមន្រ្តីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួនតាមរយៈ Mobile App និងអាចធ្វើបច្ចុប្បន្នភាពព័ត៌មានមួយចំនួនរបស់ខ្លួនបាន ប្រកបដោយប្រសិទ្ធភាព​ផងដែរ​ ៕