ខេត្តបាត់ដំបង ÷ មន្ត្រីនគរបាលមួយរូប បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ទាំងយប់រួចមក។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទី យប់ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១០៣ នង ១០៤ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើង រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅច្រាស់ទិសគ្នា ដោយរថយន្តម៉ាកសាំយ៉ុង ព៌ណបៃតង ពាក់ស្លាកលេខ ភ្នំពេញ 2AA-1550 បើកពីកើតទៅលិច ហើយបានបុកជាមួយម៉ូតូម៉ាកហុងដាស៊ុមម័រ ព៌ណខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-9848 ជិះម្នាក់ឯង បើកពីលិចទៅកើត ដោយអ្នកបើកបរមានឈ្មោះ សៀង នេត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាមន្ត្រីនគរបាល បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ(គ្មានពាក់មួកសុវត្ថិភាព)។
ក្រោយពេលកើតហេតុ កម្លាំងសណ្តាប់ធ្នាប់ស្រុកបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕ អត្ថបទ : ព្រាប.ស




































