ខេត្តបាត់ដំបង ÷ ជនរងគ្រោះចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងម៉ូតូជាមួយនឹងរថយន្តធុនធ្ងន់រួចមក។
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនិងតក់ស្លុតជាទីបំផុតនោះ បានកើតឡើងនៅវេលាម៉ោងជាង ៩:០០នាទី ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវបំបែកផ្លូវហាយវេ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា អ្នកបើកបរ ម៉ូតូជាបុរសអាយុប្រហែលជាង ៣០ឆ្នាំ ហើយបានឌុបស្ត្រីម្នាក់អាយុប្រហែលជាង៦០ឆ្នាំ ប្រើប្រាស់ម៉ូតូធុនឌ្រីម ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១T-៩៦៧៣ ដោយឡែកភាគីខាងរថយន្តធុនធំប្រភេទដឹកទំនិញ ក្រោយហេតុការណ៍អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
អ្នកឃើញហេតុការណ៍បញ្ជាក់ថា ដើមឡើយគេឃើញរថយន្តបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើត ទៅលិច រីឯភាគីម៉ូតូវិញបានធ្វើដំណើរពីលិច ទៅកើត ក្នុងទិសដៅច្រាស់គ្នា លុះដល់ចំណុចផ្លូវបំបែកបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងសភាពខ្ទេចសពជាបំណែកៗ បាក់ដៃ បាក់ជើង រីឯម៉ូតូត្រូវបានជាប់ពីមុខរថយន្តអូសទៅមុខជិត១០០ម៉ែត្រ ។
ភ្លាមៗនោះដែរសមត្ថកិច្ចបានត្រួតពិនិត្យទៅលើសាកសពទាំង២នាក់ គឺពុំមានអ្វីដែលជាប់នឹងខ្លួនដើម្បីបង្ហាញអោយស្គាល់ពីអត្តសញ្ញាណឡើយ គឺមានតែលុយចំនួន ១.៧០០ ដុល្លារតែប៉ុណ្ណោះ លុះអស់រយ:ពេលជាច្រើនម៉ោង ក្រោយពីស្រាវជ្រាវរកសាច់ញាតិឃើញ សមត្ថកិច្ចបានប្រគល់ឲ្យដើម្បីចាត់ចែងតាមប្រពៃណី៕អត្ថបទ : ព្រាប.ស



































