ខេត្តសៀមរាប អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត មន្ត្រីរាជការ វាគ្មិនកិត្តិយស ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ អ្នកព័ត៌មានជាតិ និងអន្តរជាតិចំនួនជាង ៥០រូប ដែលអង្គសិក្ខាសាលាប្រព្រឹត្តិទៅពេញមួយថ្ងៃតាមរយៈដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម (Zoom)។
អង្គសិក្ខាសាលានបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងម៉ូដែលអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល លើវិស័យសារព័ត៌មានដែលសិក្ខាកាមអាចពិចារណា និងយកទៅអនុវត្តបានតាមតម្រូវការរបស់អង្គភាព។ ជាមួយគ្នានោះ ក៍មានវាគ្មិនខ្មែរពីររូបផ្សេងទៀតគឺលោក លាង ដឺលុច និពន្ធនាយកសារព័ត៌មានថ្មីៗ និងលោក ផ្លុង វិចិត្រ និពន្ធនាយកសារព័ត៌មានស៊ីស៊ីថាមស៍ ដែលបានចែករំលែកបទពិសោធន៍នៃការធ្វើឌីជីថលលូបនីយកម្មនៃអង្គភាពសារព័ត៌មានទាំងពីរ។
ថ្លែងបូកសរុបនិងបិទអង្គសិក្ខាសាលា ឯកឧត្តម ផុស សុវណ្ណ ក្នុងនាមក្រសួងព័ត៌មាន និងក្រុមការងាររៀបចំ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ វាគ្មិនកិត្តិយសជាតិនិងអន្តរជាតិ តំណាងស្ថាប័នសារព័ត៌មាន ទាំងអស់ ដែលបានខិតខំចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ខ្លួន ដល់សិក្ខាកាមដែលបានចូលរួមនាឪកាសនេះ ថាជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តម បានផ្តល់នូវចំណុចគន្លឺះនិងធាតុចូល មួយចំនួនដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅកម្ពុជា សំដៅធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានត្រូវផ្តោតសំខាន់ លើផលប្រយោជន៍អតិថិជន ព្រោះបច្ចុប្បន្ននេះ អតិថិជនត្រូវការ content ដែលមានគុណភាព និង មានប្រយោជន៍សម្រាប់គេ។
ឯកឧត្តម មានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំអង្គភាពត្រូវត្រួតពិនិត្យឡើងវិញនូវឥរិយាបថនៃភាពជាអ្នកដឹកនាំរបស់ខ្លួន និងត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអាចដើរទាន់នៃការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យា ព្រោះថា មិនមាននរណាម្នាក់ល្អឥតខ្ចោះនោទេ ដូចនេះ អង្គភាព និងអ្នកសារព័ត៌មានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងចេះជួយគ្នាទៅវិញទៅមក។ ឯកឧត្តម សង្កត់ធ្ងន់ថា៖ មនុស្សបង្កើតបច្ចេកវិទ្យា ហើយមនុស្សជាអ្នកប្រើបច្ចេកវិទ្យា និង អ្នកខ្លះប្រើវាដើម្បីបំផ្លាញពិភពលោក។ ដូច្នេះយើងត្រូវប្រើប្រាស់បច្ចេវិទ្យាក្នុងផ្លូវដ៏ត្រឹមត្រូវ និងបម្រើផលប្រយោជន៍មនុស្សជាតិ៕





































