កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ស្រទាប់យុវជនគ្រប់រូបឲ្យបង្វែចិត្តគំនិតមកលេងកីឡា ដើម្បីសុខភាព និងអភិវឌ្ឍផ្នែករាងកាយ បញ្ញាស្មារតី និងសូមឲ្យមនុស្សម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទផងដែរ។
ការលើកឡើងបែបនេះក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ នៅទីលានបាល់ទះ(កីឡដ្ឋាន) ការិយាល័យអប់រំកាយក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងទិសដៅដើម្បីជ្រើសរើសរកក្រុមកីឡាករឆ្នើម ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព ទេពកោសល្យ និងគោរពនូវក្រមសីលធម៌បានល្អក្នុងពេលប្រកួត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជាបន្តបន្ទាប់ទៀតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ការប្រកួតដណ្ដើមពានរង្វាន់នានា និងថ្នាក់តំបន់(ស៊ីហ្គេមឆ្នាំ២០២៣) ខាងមុខនេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាការពិតណាស់វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាគ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយដ៏មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្តក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គលវិបុលឧត្ដមថ្លៃថ្លាបំផុត។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានសំណូមពរដល់ក្រុមកីឡាករ កីឡាករ កីឡារិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការពារខ្លួន ដើម្បីឲ្យចៀសផុតពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តភិក្រម “៣កុំ និង ៣ការពារ” ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ ផងដែរ ៕





































