ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី
ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង កងកម្លាំងទាំងបីប្រភេទ លោក អភិបាល ក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជិត ២០០នាក់ បានអញ្ជើញចូលរួមអបអរសាទរទិវា រុក្ខទិវា ៩កក្ដដា និងដាំដើមឈើជាច្រើនពាន់ដើម នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
មានប្រសាសន៍នៅក្នុងពិធីដាំកូនឈើនាឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ទិវាដាំដើមឈើជាប្រពៃណីជាតិ វប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុសចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ។
ក្នុងទិសដៅបន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់តាំងប្រារព្ធពិធី នេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា ។ ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព នៃការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះ ដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និង បានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ។
នៅតាមវត្តអារាម សាលារៀន សួនច្បារមានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយ ទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកប ដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់ សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តផងដែរ ។
បើតាមការឱ្យដឹងពីលោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ឆ្នាំ២០២២នេះ ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំកូនឈើទាល ចំនួន ៥៥៦ដើម សម្រាប់ដាំនៅលើផ្ទៃដីទំហំ ២,៦៦ហិកតា ជាពិសេសរៀបចំប្រភេទកូនឈើចម្រុះ ដូចជា៖ ឈើទាល ក្រញូង គគីរ អាកាស្យា ក្ងោក ស្ដៅ និងខ្នុរ ចំនួន ៤០០០ដើម សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋ និងអស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនោះដែរ ដើម្បីយកទៅធ្វើការដាំដុះ៕ ពូ ស៊្មីត




































