កំណើនភ្ញៀវទេសចរណ៍ ដែលមកទស្សនាក្នុងខេត្តបាត់ដំបង មានសន្ទុះកើនឡើងគួរអោយកត់សម្គាល់

0

ខេត្តបាត់ដំបង ÷ នៅក្នុងឆមាសទី១ នៃដើមឆ្នាំ២០២២ នេះ គេសង្គេតឃើញថា កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកំសាន្ត តាមតំបន់រមណីយដ្ឋានជាច្រើននៅក្នុងខេត្តបាត់ដំបង គឺមានសន្ទុះកើនឡើងគួរអោយកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានលើកឡើងថា កាលពីអំឡុងឆមាសទី១ ដើមឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរណ៍ជាតិ មានត្រឹមតែចំនួន ៧៩.៩៩១ នាក់ ដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ១.៩៨១ នាក់ ។

របាយការណ៍បានបន្តថា លុះនៅឆមាសទី១ ដើមឆ្នាំ២០២២ ភ្ញៀវទេសចរណ៍ជាតិ ដែលចូលមកកំសាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិក្នុងខេត្តបាត់ដំបង បានកើនឡើងរហូតដល់ ២៦៦.៩៤៨ នាក់ បើគិតពីអត្រាភាគរយបានកើនឡើង ២៣៤% រីឯចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានហក់ឡើងរហូតដល់ចំនួន ២៧៤.៣៥១នាក់

គឺកើនឡើង ២៧៤% ។

លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បាត់ដំបង បានមានប្រសាសន៍ លើកឡើងថា នៅក្នុងកំណើននៃភ្ញៀវទេសចរណ៍បរទេស ដែលនាំមុខគេគឺមានដូចជា ÷ បារាំង អង់គ្លេស អាមេរិក ចិន ជប៉ុន ថៃ វៀតណាម អូស្ត្រាលី កូរ៉េខាងត្បូង និង អុីតាលី ។

លោកប្រធានមន្ទីរក៏បានសង្កត់ធ្ងន់ថា បើទោះបីជារាជរដ្ឋាភិបាលបានប្រកាសបិទព្រឹត្តិការណ៍ ២០ កុម្ភ:យ៉ាងណាក៏ដោយ ក៏លោកនៅតែចាត់កម្លាំងអោយចុះផ្សព្វផ្សាយតាមតំបន់រមណីយដ្ឋាននានា ស្តីអំពីការអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខនៃរាជរដ្ឋាភិបាលអោយបានល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ ជម្ងឺលាក់មុខដ៏កាចសាហាវនេះ គឺអូមីក្រុងថ្មី កំពុងបន្តរាតត្បាតនៅលើពិភពលោក ពិសេសនៅក្នុងប្រទេសកម្ពុជា ក៏ក្រសួងសុខាភិបាលទើបនិងរកឃើញផងដែរ ៕ អត្ថបទ : ព្រាប.ស