ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន លើបុរសជាឪពុកដែលបានប្រើអំពើហឹង្សាវាយដំ ទាត់ធាក់កូនស្រីរបស់ខ្លួន ក្រោមបទចោទ «ប្រើអំពើហឹង្សាក្នុងគ្រួសារ និងហឹង្សាដោយចេតនា» តាមមាត្រា៥ នៃច្បាប់ ស្តីពីការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងមាត្រា ៤១៧ នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចឃុំខ្លួនជនសង្ស័យ ក្នុងពន្ធធានាគារខេត្តព្រះវិហារ ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២មុននេះ ក្រោយការរកឃើញកំហុសរបស់ ជនដៃដល់ដែលបានប្រព្រឹត្តហឹង្សាលើកូនស្រីខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុង ភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ សម្ផស្ស មុទិតា លេខ ៤៤៨ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះ សន សំណាង អាយុ ៤១ឆ្នាំ ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តព្រះវិហារ នៃក្រសួងមហាផ្ទៃ ទទួលជននេះ និងឃុំខ្លួនជននេះ រហូតទាល់តែបានទទួលការឲ្យដំណឹង អំពីការដោះលែងឲ្យមានសេរីភាពវិញ និងឲ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសមត្ថកិច្ចសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។
នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តព្រះវិហារ លោកវរសេនីយ៍ តៀម សង្គ្រាម បានប្រាប់ឲ្យដឹងថា តុលាការខេត្ត បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើបុរសជាឪពុក សង្ស័យប្រើអំពើហឹង្សាលើកូនស្រីចិញ្ចឹមខ្លួន ឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ រស់នៅជាមួយឪពុក កាលពីល្ងាចថ្ងៃទី១៦កក្កដា២០២២ ក្រោយការផ្ទុះអំពើហឹង្សាវាយតប់កូនយ៉ាងដំណំកាលពីម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុង ភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោក តៀម សង្គ្រាម បានឲ្យដឹងទៀតថា ក្រោយផ្ទុះអំពើហឹង្សានេះរួចមក ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខតារា បានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី ចុះស្រាវជ្រាវលើករណីហឹង្សាក្នុងគ្រួសារ ដែលបានបង្ហោះ និងចែកចាយតាមបណ្តាញសង្គម និងបានឈានដល់ការឃាត់ខ្លួនបុរសជាឪពុកម្នាក់ ដែលបានវាយតប់កូនស្រីខ្លួន មកកាន់អធិការដ្ឋាននគរបាលស្រុកសង្គមថ្មី និងបានបញ្ជូនបន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
លោកវរសេនីយ៍ តៀម សង្គ្រាម បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យបុរសសង្ស័យរូបនេះ ប្រើអំពើហឹង្សាលើកូនស្រីវ័យ ១៧ឆ្នាំនោះ គឺ ដោយសារជនរងគ្រោះមិនព្រមនៅរួមរស់ជាមួយនឹងខ្លួនដែលជាឪពុក ហើយបុរសសង្ស័យត្រូវបានប្រពន្ធ ដែលត្រូវជាម្តាយជនរងគ្រោះ រត់ចោលកាលពីថ្ងៃ១៤កក្កដាឆ្នាំ២០២២។ ចំណែក កូនស្រីដែលជាជនរងគ្រោះ ក៏ត្រូវបង្ខំចិត្តចាកចេញពីផ្ទះ តែត្រូវបានឪពុករារាំង ទើបឈានដល់ការផ្ទុះអំពើហឹង្សាបែបនេះ។
លោកវរសេនីយ៍ តៀម សង្គ្រាម បានបញ្ជាក់ទៀតថា តាមពិតជនរងគ្រោះ ត្រូវជាក្មួយបង្កើតជនសង្ស័យ ហើយជនសង្ស័យបានយកនារីរងគ្រោះមកចិញ្ចឹមធ្វើជាកូនបង្កើត តាំងពីនាងនៅវ័យកុមារភាពមកម្ល៉េះ ព្រោះត្បិតគ្រួសារមួយនេះ គ្មានកូន១គ្រាប់សោះនោះទេ។
ទោះជាយ៉ាងណា ជនសង្ស័យជាឪពុក ត្រូវបានតុលារខេត្ត សម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តព្រះវិហារនោះហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោយរកឃើញកំហុសក្នុងការប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ និងហឹង្សាដោយចេតនា នោះរួចមក។ ការប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ ជាទង្វើខុសច្បាប់។ ដូច្នេះ ត្រូវនាំគ្នាបញ្ឈប់ និងលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ដោយអនុវត្តទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល៕ដោយ៖ឡុង សំបូរ