ភ្ញៀវកំពុងកំសាន្តសប្បាយ​ ប្រែក្លាយជាព្រលឹងចុងសក់​ នៅថ្មក្រាល

0

កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ លថ្ងៃទី១៧ កក្កដា ឆ្នំា២០២២​ មេឃមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ផ្នែកខាងលើ និងនៅកន្លែងលេងកំសាន្តទឹកធ្លាក់ថ្មក្រាល ស្ថិតនៅរមណីយដ្ឋាន«ទឹកធ្លាក់ថ្មក្រាល» ស្ថិតក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពេលនោះ សហគមន៍ទេសចរណ៍ ក៏បានប្រកាសតាមឧគ្ឃោសនស័ព្ទ ឲ្យបងប្អូនឡើងចេញពីទឹក ព្រោះជាទម្លាប់ឲ្យតែភ្លៀងធ្លាក់បែបនេះ ទឹកនឹងជន់ហូរលិចជាក់ជាមិនខាន ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែទឹកធ្លាក់បាទធ្លាក់យ៉ាងខ្លាំង ជាទឹកពណ៌ខ្មៅល្អក់ ដូចបាក់ទំនប់ មកផ្នែកខាងលើ បណ្ដាលឱ្យជាប់បងប្អូន ភ្ញៀវទេសចរប្រមាណជាង១០នាក់ មិនអាចឡើងមករួច ហើយទឹកបានបន្តជន់ឡើងយ៉ាងលឿនជាបន្តបន្ទាប់ បណ្ដាលឱ្យលិចស្ពានឆ្លង និងលិចទីទួលលេងកម្សាន្តផងដែរ ។

ហេតុការណ៍នេះធ្វេីឲ្យភ្ញៀវទេសចរទៅលេងទឹកធ្លាក់ថ្មក្រាលជាច្រើននាក់ បានរងការភិតភ័យព្រលឹងចុងសក់ ខ្លះស្រែកយំផង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកជន់លិចកន្លែងលេង ហើយខ្លះបានរត់ឡើងដើមឈើផងដែរ ។

ក្នុងស្ថានការណ៍នេះ សមាជិកសហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល បានអន្តរាគមន៍ទាញខ្សែពួរ ចងកាត់ទទឹងអូ រដើម្បីរំដោះយកភ្ញៀវទេសចរម្ដងម្នាក់ម្ដាក់ៗ រហូតដល់អស់ ដោយពុំមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែរបស់មួយចំនួនត្រូវបានបាត់ហូរទៅតាមទឹកអស់ ។

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល គឺជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋាន ទឹកធ្លាក់ផ្សេងទៀត ដូចជារមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ នឹង រមណីយដ្ឋាន ទឹកធ្លាក់ ស្រែអំពិលជាដើម រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរទៅលេងកម្សាន្តជាច្រើនជារៀងរាល់ថ្ងៃ ថ្ងៃចុងសប្តាហ៍ ពិសេសថ្ងៃមានបុណ្យបុណ្យទាន ៕