ខេត្តស្ទឹងត្រែង៖ អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុត ក្រោយទទួលដំណឹងពីការសុគតរបស់ ព្រះមេគណខេត្តស្ទឹងត្រែង ព្រះនាម នូ ចន្ថា ក្នុងព្រះជន្ម ៨៣ព្រះវស្សា ដោយរោគាពាធ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលព្រះអង្គជា ព្រះចៅអធិការវត្តស្រះកែមុន្នីវណ្ណ ហៅ វត្តលើ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងសាររំលែកទុក្ខនោះ លោក ឡូយ សុផាត បានសរសេរបង្ហាញ ពីការសោកស្តាយឥតឧបមា នូវការសុគតរបស់ព្រះអង្គ នូ ចន្ថា ចរណធម្មោ ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង និងជាព្រះចៅអធិការវត្តស្រះកែវមុនីវណ្ណ ដែលព្រះអង្គបានសុគត លាកចាកឆ្ងាយពីពុទ្ធបរិស័ទ នៃយើងខ្ញុំព្រះករុណាទាំងអស់ក្នុងខេត្តស្ទឹងត្រែង គឺមានតែសេចក្តីគោរពដឹងគុណព្រះអង្គ ដែលបានសាងតាមផ្លូវព្រះពុទ្ធ ព្រះធម៌ បន្សល់ទុកនូវស្នាដៃដ៏ល្អ ឲ្យយើងខ្ញុំព្រះករុណាចងចាំ និងសូមក្រាបបង្គំប្រគេណជូនព្រះវិញ្ញាណក្ខន ព្រះមេគណ បានទៅឋានបរមសុខ ឧត្តុងឧត្តមខ្ពង់ខ្ពស់ កុំបីអាក់ខានឡើយ។
សូមជម្រាបថា ព្រះវិសុទ្ធិមុនី នូ ចន្ថា ព្រះចៅអធិការវត្តស្រះកែវមុន្នីវណ្ណ បានអនិច្ចធម្មក្នុងព្រះជន្ម ៨៣ ព្រះវស្សា ដោយរោគាពាធ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ កាលនៅមានព្រះជន្ម ព្រះអង្គត្រូវបានតែងតាំងជាព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង៕ដោយ៖ឡុង សំបូរ