កំពង់ចាម: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ក្នុងស្រុកស្រីសន្ធរ ត្រូវលុបបំបាត់ឲ្យអស់នូវជំងឺបក្សពួកគ្រួសារនិយម ជំងឺពើងទ្រូងដាក់ប្រជាជន និងអំពើពុករលួយគ្រប់រូបភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ហេីយត្រូវគ្រប់គ្រងប្រកបដោយការយកចិត្តទុកដាក់ និងយុត្តិធម៌ដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ។
ការថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សជាច្រើនរូបទៀត ។
ក្នុងពិធីនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានកការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបក្សទាំងអស់ ត្រូវបេីកវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ដេីម្បីឲ្យបានដឹងថាប្រជាពលរដ្ឋខ្វះខាតអ្វី និងត្រូវការអ្វី ហេីយយើងត្រូវដោះស្រាយជូនគាត់។ លេីសពីនោះត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
ហើយត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។
ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានាឲ្យដូចភ្លៀងរលឹម។ លេីសពីនោះត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ ៕




































