ខេត្តសៀមរាប បានសហការជាមួយកងពលធំអន្តរាគមន៍លេខ២ បើកវគ្គផ្សព្វផ្សាយដល់នាយទាហាន ពលទាហាន នៃកងលពលធំអន្តរាគមន៍លេខ២ ចំនួន១២៦នាក់ ស្រី១នាក់ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ក្រោមវត្តមានឯកឧត្តមឧត្តមសេនីយ៍ទោ សៅ កុសល មេបញ្ជាការរងកងពលធំ
អន្តរាគមន៍លេខ២ និងលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងទៅនេះ ។
ក្នុងរយៈពេលពេញ១ព្រឹកនេះក្រុមប្រតិបត្តិសាខាបានធ្វើការផ្សព្វផ្សាយនូវប្រធានបទសំខាន់ៗ មួយចំនួនជូនដល់នាយទាហា ពលទានហាននៃកងពលធំអន្តរាគមលេខ២ ស្តីអំពី – ប្រវត្តិគំនិតមួយ (ប្រវត្តិចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម) – សមាសភាគ និងបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម, – គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម , – ការងារមូលនិធិសាខា (សមាជិកភាព) ,- ច្បាប់មនុស្សធម៌អន្តរជាតិ , – ប្រវត្តិ និងសកម្មភាពកាកបាទក្រហមកម្ពុជា ។
មានប្រសាសន៍នោះដែរលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានលើកឡើង ពីប្រវត្តិនៃការបង្កើតឡើងកាកបាទក្រហមកម្ពុជា ក្នុងគោលដៅជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ , រងគ្រោះដោយ សង្រ្កាម និង ឧប្បទេវហេតុផ្សេងៗ ។ ម៉្យាងទៀតរាល់សកម្មភាពនៃចលនាកាកបាទក្រហមនេះ គឺស្តែងចេញពីយើងគ្រប់ រូបក្នុងការចូលរួម ជាកម្លាំងសប្បុរសធម៌ ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌ ។
ក្នុងនោះលោកក៏បានលើកផងដែរ អំពី សកម្មភាពរបស់កងទ័ព ដែលតែងតែមានមុខក្នុងការចុះជួយសង្រ្គោះដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ ព្រមទាំងបាន ផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈដល់ប្រជាពលរដ្ឋជួបការខ្វះខាត សំខាន់បញ្ចុះក្រុមគ្រូពេទ្យក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជម្ងឺកូវិដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៀតផង ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សៅ កុសល មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ ក៏បានមានប្រសាសន៍ថ្លែង អំណរគុណ ដល់សាខាកាកបាទក្រហមខេត្ត ដែលបានរៀបចំបើកវគ្គផ្សព្វផ្សាយ អំពីចលនាអន្តរាជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និង ច្បាប់ មនុស្សធម៌អន្តរជាតិ ដល់កងកម្លាំងគ្រប់កងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ២ បាន ធ្វើឲ្យកាន់តែបានយល់ច្បាប់ អំពីគោលការណ៍គ្រឹះនៃកាកបាទក្រហមកម្ពុជា និង ចលនាអន្តរាជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និង ច្បាប់មនុស្សធម៌អន្តរជាតិ ។
ក្នុងនោះឯកឧត្តមមេបញ្ជាការរង ក៏បានធ្វើការផ្តាំផ្ញើ និង ណែនាំមួយ ចំនួន ដល់នាយទាហាន ពលទាហាន នៃកងឯកភាពចំណុះកងពលធំអន្តរាគមន៍លេខ២ត្រូវគោរពឲ្យបាននូវអង្កការវិន័យ និងបទបញ្ជា ត្រូវធ្វើការផ្សព្វផ្សាយបន្តដល់ពលទាហានក្នុងអង្គភាព និង ប្រជាពលរដ្ឋ ព្រមទាំងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការចុះជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ជួបនូវហេតុការផ្សេងៗជាយថាហេតុណាមួយកើតឡើង ដោយពេលនេះជារដូវវស្សា ដែលមានភ្លៀងធ្លាក់ជោគជាំ សំខាន់ក្នុង ការចុះជួយបងប្អូនដែលខ្វះខាតកម្លាំងពលកម្ម ក្នុងការបង្កបង្កើនផល នៅតាមតំបន់មូលដ្ឋានដែលអង្គភាពនិមួយៗឈរជើង ។
ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំង ត្រូវបន្តប្រតិបត្តិនូវវិធានការរបស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទោះបីយើងបានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋានដល់ដូសជម្រុញទី៤,ទី៥ក៏ពិតមែនប៉ុន្តែជម្ងឺកូវិដ១៩មិនទៅណាឆ្ងាយពីពួកយើងនោះឡើយ៕
ដោយ ម៉ី សុខារិទ្ធ




































