អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យការងារគ្រប់គ្រងការធ្វេីអាជីវកម្មខ្សាច់ក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ​ និងស្រុកកងមាស

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២​នេះ​ ​បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ អញ្ជើញចុះសួរសុខទុក្ខ​ក្រុមការងារចម្រុះ និងពិនិត្យការងារគ្រប់គ្រងការធ្វេីអាជីវកម្មខ្សាច់ក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ​ និងស្រុកកងមាស​ ៕

គួរ​រំលឹក​ថា​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ ​ធ្លាប់បានលេីកឡេីងថា កន្លងមក មានព័ត៌មានទាក់ទងនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ​ និងថាមពល​ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ ដែលបានបង្កឲ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើ​ឲ្យ​រដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិទៀតផង​។ ដូច្នេះ​ឯកឧត្តម អភិបាលខេត្ត​ ក៏បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមសាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែ​ និងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យ ។​

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​បានចុះពិនិត្យការងារគ្រប់គ្រងការធ្វេីអាជីវកម្មខ្សាច់ហេីយនោះ​​ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ បន្តចុះពិនិត្យ សិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេ ១កន្លែង ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីធ្វើការស្តារ និងជួសជុសឡើងវិញឲ្យបានទាន់ពេលវេលា​ ចៀសវាងការបាក់ស្រុតដល់សាលារៀន​ ​ក៏ដូចជា​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ ៕