ឯកឧត្តម សំ សារីន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មន្ត្រីរាជការប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃង១៧វត្ត

0

រដ្ឋបាលខេត្តកែប៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពនានា ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃទាំង១៧វត្ត ទូទាំងខេត្តកែប។ ពិធីនេះក៏មានការ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត​ អភិបាលក្រុង ស្រុក នាយក​ នាយក​រងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរជំវិញខេត្ត និងលោកតាអាចរ្យតាមបណ្តាវត្ត។
​ ការប្រគេនទៀនចំណាំព្រះវស្សា គឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទ រំលឹកនឹកដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតមផង និងជាប្រទីបបំភ្លឺ ក្នុងអំឡុងពេល ដែលព្រះភិក្ខុ សាមណេរតាមបណ្តាវត្តគង់ចាំព្រះវស្សា និងសិក្សា រៀនសូត្រ ក្នុងរយៈពេល ៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិនៃព្រះសម្មាសម្ពុទ្ធរបស់យើង ដែលបានកំណត់យកថ្ងៃ១រោច ខែអាសាឍតទៅនេះផង ។
​ ពិធីប្រគេនទានវស្សា និងទេយ្យវត្ថុ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងសាលប្រជុំធំសាលាខេត្តកែប នាឳកាសនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍រំលឹកដល់ព្រះសង្ឃ មន្ត្រីរាជការ និងអាចារ្យវត្តអំពីការងើបឡើងវិញនៃជំងឺកូវីដ-១៩ តាមបណ្តាខេត្តមួយចំនួន ក្នុងឆ្នាំ២០២២នេះ ដូច្នេះដើម្បីកាត់ផ្តាច់នូវការចំលងជំងឺនេះចូលក្នុងសហគមន៍របស់យេីងបន្តទៀត សូមចាក់វ៉ាក់សាំងដូសជម្រុញ ដេីម្បីបង្កេីនភាពសាំុ​ និងបន្តនៅវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលជាបន្តទៀត។
​ ឯកឧត្តមបណ្ឌិត​ បានជម្រុញអោយមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវត្រួតពិនិត្យមើលតាមបណ្តាវត្តដែលមានបញ្ហាខ្វះខាតចង្ហាន់ និងទេយ្យវត្ថុផ្សេងៗក្នុងពេលកំពុងគង់ចាំព្រះវស្សា និងសិក្សារៀនសូត្រពីព្រះធម៌ និងព្រះវិន័យ ក្នុងរដូវវស្សានេះ ។
​ ពិធីវេរទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃទាំង១៧វត្ត ក្នុងមួយវត្តទទួលបានទៀនចំណាំព្រះវស្សា១គូ អង្ករ ២បាវ ទឹកសុទ្ធ១កេស មី២កេស ស្លាដក១កញ្ចប់ ត្រីខ២យួរ ទឹកត្រី៤យួរ​ ទឹកស៊ីអ៊ីវ ៤យួរ ជែលលាងដៃ ១០កេស និងបច្ច័យ ២០០,០០០៛៕