ភ្នំពេញៈ ជនសង្ស័យដែលជាមុខសញ្ញាឆក់ម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ស្ទាក់ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីរូបគេធ្វើកម្មភាពឆក់កាបូបពីនារីម្នាក់ នៅចំណុចផ្លូវលេខ៣៣៤ កែងនឹងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤។ ជនសង្ស័យខាងលើមានឈ្មោះ សុ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម ចំណែកជនរងគ្រោះមានឈ្មោះ សុខ ខេង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ។ 
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា គឺដំបូងឡើយខ្លួនបានខ្ជីម៉ូតូរបស់សង្សារមិត្តភក្តិ ដោយប្រាប់ថាជិះដើរលេងបន្តិច លុះមកជិតចំណុចកើតហេតុឈ្មោះ ចាន់ ដែលជាជនសង្ស័យនោះ បានឃើញស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី ហើយមានពាក់ខ្សែករផ្លាទីន ជាប់នឹងករ ក៏ធ្វើសកម្មភាពឆក់ខ្សែក បានសម្រេចទៅហើយ តែដោយសារទាក់ដៃចង្កូតជាមួយម៉ូតូស្ត្រីរងគ្រោះ បណ្តាលឲ្យដួលទៅនឹងថ្នល់ ហើយបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ ស្ទាក់ចាប់បានភ្លាមៗតែម្តង ។
ឈ្មោះ សុ ចាន់ដែលជាជនសង្ស័យបានឆ្លើយសារភាពបន្តថា នេះទើបតែជាលើកទី១ តែប៉ុណ្ណោះ។ រូបគេក៏ប្រព្រឹត្តិអំពើបែបនេះ ពីមុនមកដែរ ហើយកត្តាដែលធ្វើឲ្យគេធ្វើដូចនេះ គឺដោយសារតែស្ត្រីរងគ្រោះ ពាក់ខ្សែកឆើតពេក ហើយណាមួយខ្លួនជាស្ត្រីជិះម៉ូតូស៊េរីទំនើបទៀត ទើបធ្វើឲ្យគេកើតចិត្តធ្វើសកម្មភាពឆក់ដូចនេះតែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី៕



































