កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជិត ១០០គ្រួសារ នៅក្នុងស្រុកគូលែន

0

ខេត្តព្រះវិហារ៖ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋាន នាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ៩៨គ្រួសារ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងបរិវេណវត្តសាលវន្តរង្សី ហៅវត្តស្រយ៉ង់កោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងរបាយការណ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបង្ហាញថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង ៩៨គ្រួសារនោះ មកពីភូមិចំនួន៦ ក្នុងឃុំស្រយង់ ស្រុកគូលែន ក្នុងនោះ ភូមិស្រយង់ត្បូង ៣៩គ្រួសារ ភូមិស្រយ៉ង់ជើង ៣៩គ្រួសារ ភូមិរំចេក ៥គ្រួសារ ភូមិកោះកេរ ៥គ្រួសារ ភូមិទួលព្រៃភ្ញៀវ ៥គ្រួសារ និងភូមិប្រាសាទប្រាំ ៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២ម៉ឺនរៀល។ ប្រគេនព្រះសង្ឃក្នុងវត្ត នូវ អង្ករ ១០០គីឡូក្រាម មី ៦កេស ត្រីខកំប៉ុង ១០យួរ ទឹកស៊ីអ៊ីវ ៤យួរ និងថវិកា ២០ម៉ឺនរៀល និងបានឧបត្ថម្ភ យាយជី តាជី ១០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល ថែមទៀតផង ។

ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ​  បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ចពោលគឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច។

លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែក្សាសុខភាពឲ្យបានល្អ ត្រូវមានអនាម័យខ្ពស់ ដោយត្រូវលាងសម្អាតដៃ ជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ជាពិសេស ការពារជំងឺគ្រុនឈាម ដែលបង្ករឡើងដោយមូសខ្លាញីខាំ និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ព្រោះរដូវនេះទឹកកំពុងបន្តហក់ឡើង ក្រែងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ នៅក្នុងរដូវភ្លៀងធ្លាក់ជោគជាំនេះ៕ដោយ៖ឡុង សំបូរ