ទិដ្ឋភាពកកកុញមុខស្ថានីយ៍ ក្រោយពីមានរថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-បាត់ដំបង

0

ខេត្តបាត់ដំបង ÷ ប៉ុន្មានខែចុងក្រោយនេះ គេសង្គេតឃើញថា នៅក្នុងនិងខាងមុខស្ថានីយ័អយស្ម័យយាន បាត់ដំបង ចាប់ផ្តើមមានសភាពអ៊ូរអរឡើងវិញ បន្ទាប់ពីបានបោះបង់ចោលដោយស្ថិតក្នុងភាពស្ងាត់ជ្រងំដូចទីរហោដ្ឋានរាប់ឆ្នាំរួចមក។

រយ:ពេលជាង២ខែកន្លងមកនេះ នៅខាងមុខស្ថានីយ៍រថភ្លើងបាត់ដំបង ចាប់ផ្តើមមានមនុស្សម្នាឡើងវិញ រួមជាមួយនិងការលក់ដូរចំណីអាហារ ក៏ដូចជាការចតត្រៀបត្រានូវមធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីចាំស្វាគមន៍អ្នកដំណើរតាមរយ:រថភ្លើងពីភ្នំពេញ មកបាត់ដំបង។

គួរបញ្ជាក់ថា បច្ចុប្បន្នរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញមកបាត់ដំបង និងពីបាត់ដំបងទៅភ្នំពេញ ចាប់ផ្តើមដំណើរការវិញហើយ ដោយក្នុងតម្លៃមនុស្ស១នាក់ ៨ ដុល្លារ ហើយការធ្វើដំណើរតាមខ្សែរថភ្លើងនេះ គឺចេញដំណើរពីភ្នំពេញ  នៅម៉ោង ៧ ព្រឹក និងត្រឡប់ពីបាត់ដំបង ទៅភ្នំពេញវិញ នៅម៉ោង ៣ រសៀល ជាកំហិត ។

លោក ភឿក សុភ័ន្ត ជាអ្នករត់ម៉ូតូកង់បី បានលើកឡើងថា បច្ចុប្បន្នរូបគាត់ក៏ដូចជាអ្នករត់កង់បីដទៃទៀតដែរ គឺមានម៉ូយបន្ថែមទៀត ដោយដឹកអ្នកដំណើរឆ្ពោះទៅស្ថានីយ៍រថភ្លើង និងត្រូវទៅរង់ចាំនូវម៉ោងប្រមាណ ១ និង៣០ នាទីរសៀល ពេលរថភ្លើងមកដល់បាត់ដំបង ដែលការដំណើរការឡើងវិញនូវប្រព័ន្ធគមនាគមន៍សម្រាប់ផ្លូវដែក គឺជាការឆ្លុះបញ្ចាំងអំពីការឈានទៅមុខឥតឈប់ឈររបស់កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានបោះបង់ចោលរាប់សិបឆ្នាំទៅហើយនោះ ដូច្នេះបើមានបងប្អូនណាចង់ជិះលំហែរកាយមើលព្រៃព្រឹក្សា និងមើលទេសភាពជួរភ្នំនានា សូមអញ្ជើញធ្វើដំណើរតាមរថភ្លើង ប្រាកដជាមិនអផ្សុកឡើយ ៕ អត្ថបទ : ព្រាប.ស