ព្រឹត្តិការណ៍ ដាំកូនកោងកាងទ្រង់ទ្រាយធំលើកទី៣ របស់ក្រុមហ៊ុន វ៉ន់ហ្វ្រេតធើនីធី ត្រូវបានប្រារព្ធឡើងនៅខេត្តកែប

0

កែប; ក្រុមការងារមូលនិធិ ២៥រៀល របស់ទឹកបរិសុទ្ធ វីតាល់ នៃក្រុមហ៊ុនវ៉ន់ហ្វ្រេតធើនីធី ឯ.ក សហការជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ ដាំកូនកោងកាងចំនួន ៣០០០ដើម នៅតាមបណ្តោយឆ្នេរ សមុទ្រនៅខេត្តកែប ត្រង់ចំណុច សហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិតីភាព ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តម​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ក្រសួងសាធារណ:ការ​ និងដឹកជញ្ជូន​ លោកជំទាវ​​ ជឹង សុគន្ធាវី​ អគ្គនាយិកា​ ក្រុមហ៊ុន វ៉ន់ហ្វ្រេតធើនីធី​ លោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី​ អភិបាលក្រុង​ ស្រុក ប្រជាសហគមន៍ និងបុគ្គលិកក្រុមហ៊ុន វ៉ន់ហ្វ្រេតធើនីធី សរុប ២១៣នាក់ ។

អគ្គនាយិកា ក្រុមហ៊ុន វ៉ន់ហ្វ្រេតធើនីធី លោកជំទាវ​ ជឹង សុគន្ធាវី មានប្រសាសន៍ថា ក្រោមឆ័ត្រ នៃមូលនិធី ២៥រៀល ក្រុមហ៊ុន បានកាត់ប្រាក់ចំណេញ ២៥រៀល ពីការលក់ទឹកបរិសុទ្ធវីតាល់ ១ដប់ជូន អតិថិជន ចូលក្នុងមូលនិធិ​ ដើម្បីយកមកប្រើប្រាស់ក្នុងការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ ពិសេស លើការការពារបរិស្ថាន។ លោកជំទាវ​ អគ្គនាយិកា បន្ថែមថា ព្រឹត្តិការណ៍ដាំកោងកាងថ្ងៃនេះ ជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំលើកទីបី ដែលគ្រោងនឹងដាំកូនកោងកាង ចំនួន៣០០០ដើម ដែលព្រឹត្តការណ៍ដូចគ្នានេះ ធ្លាប់បានធ្វើ២ដងហើយ នៅខេត្ត កោះកុង និងខេត្តកំពត លោកជំទាវ​ អគ្គនាយិកា ចាត់ទុកព្រឹត្តិការណ៍នេះ​ ជាការួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍបៃតងក្នុងប្រទេសកម្ពុជា និងជាការការពារ ស្តាប្រព័ន្ធអេកូឡូស៊ី ដ៏មានសារសំខាន់ ក្នុងការទ្រទ្រង់ជីវចំរុះនានា ក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានា។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណ ចំពោះសកម្មភាពសង្គម របស់ក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ ដែលតែងតែផ្តល់នូវការគាំទ្រខេត្តកែប ពិសេស ក្នុងដំណាក់កាលដែលខេត្តកែប កំពុងប្រយុទ្ធប្រឆាំងនិងការរីករាលដាល់នៃជំងឺកូវីដ-១៩ ។ ឯកឧត្តម បញ្ជាក់ថា រដ្ឋបាលខេត្ត​ ចាត់ទុកការងារ អភិរក្សបរិស្ថាន ជាការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់ អភិរក្ស កែលំអរ អោយខេត្តមានភាពបៃតងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកសម្រាកលំហែកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិខេត្តកែប កាន់តែច្រើនឡើងថែមទៀត ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរដល់ក្រុមហ៊ុន វ៉ន់ហ្វ្រេតធើនីធី ក៏ដូចក្រុមនានា បន្តជួយគាំទ្រដល់ខេត្តកែបក្នុងការ អភិរក្ស និងអភិវឌ្ឍខេត្តកែប អោយមានការរីកចំរើន ប្រកបដោយនិរន្តភាព។

មានប្រសាសន៍លើកឡើង ក្នុងឱកាសនោះ ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការក្រសួបរិស្ថាន បានបញ្ជាក់អំពីគុណប្រយោជន៍នៃព្រៃកោងកាង ថាជាប្រភេទរុក្ខជាតិសមុទ្រ ដែលអាចស្រូបយក សារធាតុកាបូន ច្រើនជាងរុក្ខជាតិដ៏ទៃទៀតរហូតដល់ពីរដង ក្រៅពីនេះ វាជារនាំងទប់ស្កាត់ពីគ្រោះធម្មជាតិ ផ្សេងៗ និងជាជម្រកនៃជីវៈចំរុះដ៏សំខាន់ ។ ក្នុងនោះដែរ​ ឯកឧត្តម​ រដ្ឋលេខាធិការ បានកោតសរសើរ និង វាយតំលៃខ្ពស់ ចំពោះក្រុមហ៊ុន វ៉ន់ហ្វ្រេតធើនីធី ដែលបានបង្កើតអោយមានមូលនិធិនេះឡេីង​ សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា អោយកាន់តែរីកចំរើនថែមទៀត ។ ព្រឹត្តិការណ៍ សង្គម ក៏ដូចជាសកម្មភាពមនុស្សធម៏របស់ក្រុមហ៊ុន ពិតជាបានរួមចំណែក សម្រាលការលំបាក នានា របស់សង្គម និងជាគម្រូយ៉ាងល្អសម្រាប់ក្រុមហ៊ុនក្នុងស្រុកដ៏ទៃទៀត ក្នុងការបង្កើតមូលនិធិបែបនេះ ជួយដល់ប្រទេសជាតិ ដែលបង្ហាញអោយឃេីញពី សាមគ្គីភាព រួបរួមគ្នា ដើរទៅមុខជាមួយគ្នា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕