កិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្

0

ខេេត្តសៀមរាប ចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពប្រចាំខែ កក្កដា ឆ្នាំ២០២២ កន្លងមក
សកម្មភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន បានបន្តសកម្មភាពការងារទៅតាមផែនការដែលបានគ្រោងទុក បើទោះបីជាប្រឈមនឹងសភាពការណ៍ថ្មីនៃជម្ងឺកូវីដ.១៩ ក៏ដោយ ដែលបានរាតត្បាតជាសកល និងធ្វើឲ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជា ក្នុងតំបន់ និងក្នុងប្រទេសយើងជាដើម។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋបាលខេត្ត និងគ្រប់មន្ទីរ អង្គភាព អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូជាតិ-អន្តរជាតិ បានប្ដូរទិសដៅការងារ ដោយផ្តោតលើការយកចិត្តទុកដាក់លើបញ្ហាកើតចេញពីវិបត្តិជម្ងឺកូវីដ.១៩ ដែលបានជះឥទ្ធិពលដល់សកម្មភាពលើគ្រប់វិស័យ ធ្វើឲ្យរាំងស្ទះដោយអន្លើ ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ទៅលើផលប៉ះពាល់នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបង ប្អូនខ្មែរ ដែលត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ហើយភាគច្រើនជាអ្នកខ្វះលទ្ធភាពសម្រាប់ការទ្រទ្រង់ជីវភាព និងងាយរងគ្រោះ ។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅសាលសាលាខេត្តសៀមរាបថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មាធិការ បានសហការជាមួយសមត្ថកិច្ចជំនាញ ពាក់ព័ន្ធទទួលពលរដ្ឋខ្មែរ ដែលធ្វើការនៅក្រៅប្រទេសបានត្រឡប់មកវិញ ដោយបានប្រចាំការនៅតាមព្រំដែន ច្រកអន្តរជាតិប៉ោយប៉ែត-ម៉ាឡៃ-អូរបីជាន់ ខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង និងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមាជ័យ ដើម្បីធ្វើការសម្របសម្រួលការងារទាំងយប់ទាំងថ្ងៃ ដោយអនុវត្តតាមវិធានការសុខាភិបាល ស្ទង់កំដៅ សំអាតអនាម័យ ពិនិត្យសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័ក្ដិ ផ្តល់អាហារនិងមធ្យោបាយ ដឹកជញ្ជូនទៅតាមមូលដ្ឋាន ហើយបន្តតាមដានសុខភាព ជីវភាពរស់ព្រមទាំងផ្តល់សេវាតាមតម្រូវការផ្សេងៗ ជូនពួកគាត់ ។ លោកស្រី បានបន្តថា ចំពោះលទ្ធផលការងាររបស់ (គ.ខ.ប.ជ) ខេត្តសៀមរាប នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ គណៈកម្មាធិការ (គ.ខ.ប.ជ) ខេត្ត បានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅ នឹងភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ដោយមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ សម្រេចបានលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស លេខាធិការដ្ឋាន (គ.ខ.ប.ជ) ខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និង អង្គការដៃគូនានាបានផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធតាមការផ្សព្វផ្សាយភូមិ-ឃុំ មានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងផ្សព្វផ្សាយតាមប៉ុស្តិ៍វិទ្យុ ទូរទស្សន៍ បានចំនួន២៦៤លើក ដែលមានអ្នកចូលរួមសរុប ១៦៥២៨នាក់ ស្រី ៩៥៧១ នាក់ និងបានចែកខិតប័ណ្ណសរុប ១០៦ខិតប័ណ្ណនៅតាមបណ្តាស្រុកមួយចំនួន។ ដោយឡែក រដ្ឋបាលស្រុក អង្គរធំ អង្គរជុំ ស្វាយលើ វ៉ារិន ស្រុកក្រឡាញ់ បានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ មានសុវត្ថិភាព បានចំនួន២២២លើក ដែលមានអ្នកចូលរួមសរុប ១៤២០៩នាក់ ស្រី ៨៣៥៧នាក់។ លោកស្រី បានបញ្ជាក់ទៀតថា ចំពោះមន្ត្រីអនុវត្តច្បាប់តាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ប៉ូលិស តុលាការ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិ យើងត្រូវធ្វើការឲ្យស៊ីជម្រៅរវាងគ្នានិងគ្នា សូមធ្វើការងារឲ្យច្បាស់លាស់ ជាពិសេស គឺតួលេខនីមួយៗ ពាក់ព័ន្ធនិងករណីអ្វីមួយដែលបានកើតឡើងកន្លងមក យើងត្រូវស្គាល់ឲ្យច្បាស់ពីតួនាទីរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការសហការណ៍គ្នាបានល្អប្រសើរថែមទៀត៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប