ខេត្តកំពត អភិបាលខេត្តកំពតបានលើកឡើងថា ដើមត្នោតគឺជាកេរ្តិ៍ដំណែលរបស់ដូនតា និងជាអត្តសញ្ញាណជាតិខ្មែរដែលមានជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ពិសេសពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រូវស្រឡាញ់ ថែរក្សាការពារ និងចូលរួមដាំដើមត្នោតយ៉ាងតិចណាស់ក្នុងមួយគ្រួសារឱ្យបាន ៣ទៅ ៤ដើមក្នុងមួយឆ្នាំ។
ថ្លែងក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២ ដែលខេត្តកំពតបានប្រារព្ធធ្វើឡើងនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបាន លើកឡើងថា បុណ្យ “រុក្ខទិវា” មានអត្ថន័យនយោបាយ និងមានសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតសម្រាប់បំផុសស្មារតីឱ្យប្រជាពលរដ្ឋទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ និងដើមត្នោត។ ក្នុងពិធីនេះឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរ ប្រជាពលរដ្ឋក្នុងប្រទេស ពិសេសពលរដ្ឋខេត្តកំពត ដែលរស់នៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឱ្យចេះថែរក្សាទុកកេរ្តិ៍ដំណែលនេះជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅក្មេងជំនាន់ក្រោយៗទៀត។
ហើយសកម្មភាពនេះ ក៏ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយព្រៃឈើជាតិរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តកំណែទំរង់វិស័យព្រៃឈើ និងបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចំរើន។
ឯកឧត្តមបានបន្តថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងឃុំព្រែកក្រឹសនាពេលនេះ បានបង្ហាញអំពីឆន្ទៈស្មារតីស្រឡាញ់ជាតិ ថែរក្សាការពារកេរ្តិ៍តដំណែលដូនតា ពិសេសដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនានក្រោយៗទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់ក្រុមគ្រួសារ ដែលរស់នៅតាមតំបន់ព្រំដែនត្រូវចូលរួមដាំដើមត្នោតឱ្យបានច្រើន ហើយអាជ្ញាធរមូលដ្ឋានត្រូវមានការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណាក្នុងមួយឆ្នាំ មួយគ្រួសារត្រូវដាំដើមត្នោតឱ្យបាន ៣ទៅ ៤ដើម។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីបុណ្យរុក្ខទិវា នាពេលនេះ គឺមានការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ដែលមានប្រវែង ១០គីឡូម៉ែត្រ ពីចំណុចតន់ហន់ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធ បានឱ្យដឹងថា ដោយទទួលបានការណែនាំពីរឯកឧត្តមអភិបាលខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត នៅឆមាសទី១ បានបណ្តុះកូនត្នោតបានចំនយន ១ម៉ឺន ២ពាន់ដើម ហើយបានចែកចាយកូនឈើប្រណិតទៅពលរដ្ឋ សាលារៀន វត្តអារាម និងមន្ទីរអង្គភាពដាំបានចំនួន ៥១១ដើម។
ដោយឡែកក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២២នេះ បានដាំដើមត្នោតនៅសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ១០គីឡូម៉ែត្រ ក្នុងគម្លាត ៤ម៉ែត្រ ១ដើម ស្មើនឹងកូនត្នោត ៥.០០០កូន និងមានកូនឈើប្រភេទឈើទាលចំនួន ១.០០០ដើម សម្រាប់ចែកចាយជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាម និងបងប្អូនប្រជាពលរដ្ឋផងដែរ៕





































