អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ កម្ពុជាមានស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាពក្នុងសង្គមត្រូវបានធានា ទើបការបោះឆ្នោតប្រកបដោយរលូន

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការរៀបចំការបោះឆ្នោតអាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិនោះ មានសន្តិភាព ដូចប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ពោលគឺ មានទាំងស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាពក្នុងសង្គមត្រូវបានធានា និងមានការ អភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំការបោះឆ្នោតប្រកបដោយរលូន និងទទួលបានលទ្ធផលល្អ ដែលយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ ការ​ថ្លែង​បែប​នេះក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ​ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នារសៀល​ថ្ងៃទី​២៧​ ​ខែកក្កដា​ ឆ្នាំ២០២២​ ។

ក្នុង​កិច្ចប្រជុំ​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត​ បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់​ថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានដាក់ចេញនូវ« យុទ្ធនាការជាតិចាក់វ៉ាក់សាំង »​ ទេីបកម្ពុជាអាចម្ចាស់ការបាន និងអាចគ្រប់គ្រងស្ថានការណ៍ ឲ្យស្ថិតនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលនេះជាអំណោយផលដ៏ល្អ ដល់ដំណើរការ នៃរៀបចំការបោះឆ្នោតរបស់ប្រទេសជាតិយើង ជាលទ្ធផលគឺមានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមប្រមាណ ៨០% នៃ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​ប្រធាន​គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងនូវសមត្ថកិច្ចរបស់ខ្លួនបន្ថែមទៀត ព្រោះថាបើគិតចាប់ពីឆ្នាំ ២០២២ ដល់២០២៤ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ ពាក់ព័ន្ធដល់ការបោះឆ្នោត ជាតិ និងក្រោមជាតិ​បន្តទៀត​ ៕​