ខេត្តកំពង់ធំ: ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីព្រលែងត្រីមេពូជ និងកូនត្រី
ចូល អាងទឹកអូមៀន ស្ថិតនៅក្នុងភូមិភូមិជាំផលសមរម្យបូព៌ង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក មន្ទីរអង្គភាព មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៥០០នាក់ នៅព្រឹក២៨ខែ កក្កដា ឆ្នាំ ២០២២។
លោក ប៉ែន វណ្ណរឹទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាពិធីលែងមេពូជជាប្រភេទត្រីស្រែមានចំនួន១១០គ.ក ចំណែកកូនត្រី៦០០០០ក្បាល ក្នុងនោះមានត្រីឆ្ពិន២៥០០០ក្បាល ត្រីក្រហែ២៥០០០ក្បាល ត្រីព្រលូង១០០០០ក្បាលក្នុងឆ្នាំនេះ បន្ទាប់ពីមានការខកខានមិនបានប្រារព្វពិធីរយះពេល២ឆ្នាំកន្លងមកនេះ ដោយសារតែបញ្ហាវិបត្តិជម្ងឺកូវិត១៩ តែក្នុងនោះក៏មានការព្រលែងក្នុងសហគមន៍ស្រះជម្រកត្រី លក្ខណៈតូចៗ ដោយផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន តម្រូវឲ្យរៀបចំស្រះជម្រកត្រីសហគមន៍ ឲ្យបានមួយកន្លែង ក្នុង១ឃុំ ឥឡូវនេះខណ្ឌបង្កើតបានចំនួន៥៩កន្លែង លើ៨១ ឃុំនៃខេត្តកំពង់ធំ។
បច្ចុប្បន្នបានរៀបចំក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបចំនួន២ក្រុម ដាក់ទីបញ្ជាការស្រាលចំនួន២កន្លែងនៅបឹងទន្លេសាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ជាពិសេសយកចិត្តទុកដាក់ការពារកន្លែង អភិរក្សជលផល មិនឲ្យមានការលួចចូលធ្វើនេសាទអាណាធិបតេយ្យឡើយ និងទប់ស្កាត់បង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកនិងការស្តា ដីព្រៃលិចទឹកឡើងវិញ ខណ្ឌរដ្ឋបាលជលផលបានរៀបចំថ្នាលបណ្តុះកូនឈើចំនួន១១ថ្នាល បណ្តុះកូនឈើបានជាង១០០ ០០០ដើម ដាំកូនឈើស្តាដីព្រៃលិចទឹកបានចំនួន១៨ ០៥៩ ដើម លើផ្ទៃដី៩៤.៦០ហិចតា រួមទាំងបានដាក់ស្លាកហាមចូលកាប់ទន្ទ្រានព្រៃលិចទឹក(តំបន់៣)បានចំនួន៦០ស្លាកផ្សព្វផ្សាយនៅតាមទីប្រជុំជននានា អំពីការហាមឃាត់ប្រព្រឹត្តបទល្មើសនេសាទ ។
.ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យសមហាជន កងកម្លាំង មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ មានស្មារតីចូលរួមការពារអភិរក្ស និងអភិវឌ្ឍធនធានជលផលឲ្យបានយល់ជ្រួតជ្រាប ដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្ត្រីរាជការស្ថាប័នរដ្ឋ និងឯកជនជាពិសេសកូនចៅជំនាន់ក្រោយ សំដៅធានាដល់ការគ្រប់គ្រង និង ការប្រើប្រាស់ធនធានជលផល ឲ្យមាននិរន្តរភាពតាមយុទ្ធសាស្ត្រកំណែទម្រង់វិស័យជលផល ដ៏ស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលកម្ពុជានាសម័យកាលនេះ ។
អភិបាលខេត្តកំពង់ធំ បន្តថា កំណើនប្រជាពលរដ្ឋ និងកំណើនប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាប ក៏មានការកើនឡើង ធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផល និងធនធានធម្មជាតិ និងត្រូវចាត់វិធានការយាមការពារកន្លែងអភិរក្សជលផលដោយសហការ ជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នៅមូលដ្ឋាន ដើម្បីឲ្យត្រីមេពូជពងកូនបន្តពូជធ្វើឲ្យសម្បូរផលត្រីទៅឆ្នាំក្រោយទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើឧបករណ៍នេសាទ ល្មើសច្បាប់ ក្នុងការធ្វើនេសាទជាពិសេសគឺឧបករណ៍ឆក់ និងស្បៃមុង និងឧបករណ៍ហាមឃាត់ជាច្រើនទៀត ។
ដោយ ប៊ុន រដ្ឋា